ក្លឹបគុនខ្មែរចំនួនពីរ បង្ហាញគំរូល្អគឺពិនិត្យសុខភាពមុនសិស្សចូលក្លឹប និង កំឡុងពេលហ្វឹកហាត់
បច្ចុប្បន្ននេះគ្រប់ទីកន្លែងសុទ្ធតែមានការប្រុងប្រយ័ត្នចំពោះជំងឺកូរ៉ូណា ( Covid-19) ដែលកំពុងតែរាតត្បាតនៅលើផែនដីយើងនេះ។ ជាក់ស្តែងការពីថ្ងៃម្សិលមិញ រាល់កីឡាករគុនខ្មែរដែលកំពុងតែហ្វឹកហាត់នៅក្លឹបក្រសួងការពារជាតិក៏ត្រូវត្រួតពិនិត្យសុខភាព ពិសេសវាស់កម្តៅដើម្បីការពារសុវត្ថិភាពផងដែរ។ ដោយយោងទៅលើការប្រកាសលើផេក មជ្ឍមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានអោយដឹងថា៖ កីឡាករគុនខ្មែរ របស់មជ្ឍមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ នៅទីលានហ្វឹកហាត់ផ្ទាល់ គឺត្រូវបានការិយាល័យសុខាភិបាលចុះវាស់កំដៅដល់កីឡាករដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ កូរ៉ូណា ( Covid-19 )។

ការវាស់កំដៅនៅក្លឹបក្រសួងពារជាតិជាតិ
ដោយឡែកនៅក្លឹបប៉ែនកាក់គុនខ្មែរវិញ បើតាមការឲ្យដឹងផ្ទាល់ពីសំណាក់ម្ចាស់ក្លឹបគឺលោក ស៊ន អេលីត ក៏បានប្រាប់ក្រុមការងារ MSR SPORT ថា៖ ក្លឹបរបស់លោកបានប្រកាសផ្អាកហ្វឹកហាត់ប្រមូលម្តុំគ្នាពិតមែន តែនៅសល់កូនសិស្សមួយចំនួនតូចដែលត្រូវមានឈ្មោះចាប់គូទុកមុន ដូចនេះលោកក៏ត្រូវធ្វើតាមការសន្យា តែរាល់សិស្សដែលមានឈ្មោះប្រកួតត្រូវទៅពិនិត្យសុខភាពធ្វើតេស្តរកជំងឺ កូរ៉ូណា ( Covid-19 ) ជាមុនសិនទើបអាចចូលក្លឹបនិងហ្វឹកហាត់ជាមួយគ្រូជំនួយ ដើម្បីបង្ហាញពីភាពកក់ក្តៅទាំងអស់គ្នា។

លីភា ពិនិត្យរក កូរ៉ូណា មុនមកហ្វឹកហាត់វិញ
ជាមួយគ្នានេះយើងសង្ឃឹមថា រាល់ក្លឹបប្រដាល់ក្នុងស្រុកខ្មែរទាំងអស់ដែលមានសិស្សប្រមូលផ្តុំគ្នាហ្វឹកហាត់ មេត្តាជួយថែរក្សាអនាម័យទាំងអស់គ្នា គឺឧស្សាហ៍លាងដៃនិងសាប៊ូ រស់នៅស្អាត ហើយបើក្អករឺកណ្តាស ត្រូវពាក់ម៉ាស និងយកកន្សែងមកខ្ទប់មាត់ ដើម្បីចូលរួមការពារជំងឺកូរ៉ូណា ( Covid-19 ) ទាំងអស់គ្នា៕