ម៉ន សាម៉េត ៖ មុនចាប់អាជីពប្រដាល់ ខ្ញុំធ្លាប់ដើររកត្រីតាមបឹងដើម្បីចិញ្ចឹមជីវិត
អ្នកប្រដាល់គុនខ្មែរ មានបទពិសោធចាស់វស្សា ម៉ន សាម៉េត បង្ហើបពីប្រវត្តិជូរចត់បំផុតរបស់ខ្លួនថា មុនចាប់ផ្ដើមអាជីពប្រដាល់ ដោយមានកេរ្តិ៍ឈ្មោះមួយរួបដល់សព្វថ្ងៃ រូបគេ និងគ្រួសារ ជាអ្នករស់អាស្រ័យផល លើការនេសាទ រកត្រីតាមបឹងលក់យកកម្រៃចិញ្ចឹមក្រពេះ ព្រោះជីវភាពជួបការខ្វះខាតយ៉ាងខ្លាំង។
ជើងខ្លាំងលើសមរភូមិសង្វៀនគុនខ្មែរ រូបនេះ រៀបរាប់ថា របររកត្រីលក់ បានត្រឹមតែអាចដោះស្រាយជីវភាព ពីមួយថ្ងៃ ទៅមួយថ្ងៃតែប៉ុណ្ណោះ។
ម៉ន សាម៉េត រំឭកបែបនេះ “៖កាលពីមុនគ្រួសារខ្ញុំ ពិបាកខ្លាំងមែនទែន ព្រោះអី ឪពុក និងម្ដាយ សុទ្ធតែជាអ្នករកត្រីលក់ដូចគ្នា។ ហើយក៏បានតស៊ូមករហូត ទម្រាំបានចាប់ក្លាយជាកីឡាករប្រដាល់ មានជីវភាពប្រសើរដូចសព្វថ្ងៃ ប៉ុន្តែវាមិនទាំងអស់ទេ។ កាលពីមុន ប៉ា! គាត់ដាក់ មង លប បានមួយថ្ងៃពីរបីម៉ឺនអីហ្នឹង។ ទៅព្រឹកទល់ល្ងាច ឬទល់ភ្លឺ មកវិញបាន៥ទៅ៦ម៉ឺន គ្រាន់ទប់ជីវភាពអ្នកនៅផ្ទះ។”
អ្នកប្រដាល់គុនខ្មែរ គ្រងពាន និងខ្សែក្រវាត់ច្រើនខ្សែ រូបនេះ ទទួលស្គាល់ថា វិថីសង្វៀនបានរុញច្រានឲ្យខ្លួន មានទាំងកេរ្ដិ៍ឈ្មោះ និងជីវភាពធូរស្រាលមួយកម្រិត បើទោះបី រូបគេរៀនមិនបានខ្ពង់ខ្ពស់ យ៉ាងណាក្ដី។
ម៉ន សាម៉េត បន្ថែម “៖ ខ្ញុំរៀនបានថ្នាក់ទី៨ ដោយកាលនោះខ្ញុំចូលប្រកួត ឈប់ច្បាប់គ្រូអត់បានចឹង ក៏ឈប់រៀនទៅ។ វាស្រួលត្រង់ថា ឥឡូវហ្នឹង តម្លៃខ្លួនយើងវ៉ៃបានគួរសម ព្រោះកាលពីខ្ញុំវ៉ៃដំបូងបានតម្លៃខ្លួនបីម៉ឺន បួនម៉ឺនទេ។ កាលនោះខ្ញុំចាប់ផ្ដើមវ៉ៃក្នុង២០០៧។”
សូមបញ្ជាក់ថា ម៉ន សាម៉េត ចាប់ផ្ដើមចូលប្រឡូកអាជីពប្រដាល់អំឡុងឆ្នាំ២០០៧ ដែលបង្វឹកផ្ទាល់ដោយឪពុក គ្រូ ម៉ាង ម៉ន និងឆ្លងកាត់បទពិសោធប្រកួតទាំងសង្វៀនក្នុង និងក្រៅស្រុក ដូចជា នៅថៃ និងភូមា ជាដើម៕