ខ្សែប្រយុទ្ធចំណូលថ្មី របស់ Barcelona ធ្វើតេស្តវិជ្ជមានជម្ងឺកូវីដ-១៩
ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Barcelona កីឡាករ Ferran Torres ដែលទើបតែផ្លាស់មកពីក្លិប Manchester City ដែលទើបបង្ហាញខ្លួនអោយ Barca ជាផ្លូវការនោះ បានធ្វើតេស្តវិជ្ជមានជម្ងឺកូវីដ១៩។ ជុំវិញរឿងនេះ Barcelona បានចេញសេចក្តីប្រកាសថា “កីឡាករ Ferran Torres និង Pedri បានធ្វើតេស្តវិជ្ជមានជម្ងឺកូវីដ-១៩។ ប៉ុន្តែពួកគេនៅមានសុខភាពល្អ និងត្រូវដាក់ខ្លួនដាច់ដោយឡែក ក្នុងផ្ទះរបស់ពួកគេរៀងៗខ្លួន។”
ដំបូងឡើយ Torres ត្រូវបានរំពឹងនឹងអាចបង្ហាញខ្លួនប្រកួតដំបូងនៅពានរង្វាន់ Spanish Super Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់នឹង Real Madrid នៅថ្ងៃទី ១២ ខែ មករា។ ប៉ុន្តែការបង្ហាញខ្លួនដំបូងរបស់គេពេលនេះត្រូវពន្យារពេល បន្ទាប់ពី Barca បានប្រកាសថា Torres វិជ្ជមានកូវីដ-១៩ ជាមួយមិត្តរួមក្រុម Pedri។
សូមបញ្ជាក់ថា Ferran Torres វ័យ២១ឆ្នាំ ចាប់ផ្ដើមលេងបាល់ទាត់អាជីព នៅឆ្នាំ២០១៨ ដោយធ្លាប់ចូលលេងសរុបបាន ១៤០ប្រកួត រកគ្រាប់បាល់បាន ២៥គ្រាប់ឲ្យក្លឹប Valencia និង Man City។ កីឡាករសញ្ជាតិអេស្ប៉ាញបានចុះកុងត្រារយៈពេល៥ឆ្នាំកន្លះជាមួយ Barcelona ដែលគេដឹងថាមានតម្លៃខ្លួន៤៦,៧លានផោន បូកជាមួយប្រាក់លើកទឹកចិត្តផ្សេងៗ៨លានផោនបន្ថែមទៀត។ Barcelona បានដាក់តម្លៃទិញផ្ដាច់កុងត្រារបស់ Torres ដល់ទៅជាង៨៤១លានផោនឯណោះ៕
អត្ថបទ ៖ Monsoon