កីឡាកររបស់ Bayern Munich ៦នាក់ធ្វើតេស្ដវិជ្ជមានកូវីដ១៩
ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានត្រលប់មកហ្វឹកហាត់វិញនៅថ្ងៃច័ន្ទថ្ងៃទី 3 ខែមករា បន្ទាប់ពីសម្រាកមួយរយៈពេលអំឡុងបុណ្យណូអែល តែក្នុងនោះមុនមួយថ្ងៃគេបានដឹងថាកីឡាកររបស់ក្លឹបចំនួន៦នាក់ត្រូវអវត្តមាន។ យោងតាមក្លឹប Bayern Munich ការហ្វឹកហាត់របស់ក្រុមទាំងមូល ត្រូវបានពន្យារពេលដោយសារការផ្លាស់ប្តូរវិធានការធ្វើតេស្តម្ដងទៀត ដោយសារស្ថានភាពជំងឺកូវីដរាតត្បាតច្រើនក្នុងប្រទេសអាល្លឺម៉ង់ ហើយក្នុងនោះដែរកីឡាករ គ្រូបង្វឹក និងបុគ្គលិកផ្នែកផ្សេងៗទាំងអស់នឹងឆ្លងកាត់ការធ្វើតេស្ត PCR ។
កីឡាករមួយចំនួនដែលបានខកខានការហ្វឹកហាត់ដោយសារបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ ក្លឹបបានបញ្ចាក់ថាកីឡាករវិជ្ជមានរួមមាន Manuel Neuer, Kingsley Coman, Corentin Tolisso និង Omar Richards អ្នកទាំងនោះសុទ្ធតែមានសុខភាពល្អធម្មតា។
Bayern ក៏បានប្រកាសកាលពីថ្ងៃចន្ទថា កីឡាករពីរនាក់ទៀតគឺ Lucas Hernandez និង Tanguy Nianzou បានធ្វើតេស្តវិជ្ជមានដូចគ្នា ហើយពួកគេបច្ចុប្បន្នកំពុងតែដាក់នៅដាច់ដោយឡែក។
សូមបញ្ចាក់ដែរថា Bayern Munich កំពុងតែឈរលេខ១មាន ៤៣ពិន្ទុនឹងត្រូវប៉ះក្រុម Borussia Monchengladbach នាថ្ងៃទី៨ខាងមុខសម្រាប់ការប្រកួតសប្ដាហ៍ទី១៨៕
អត្ថបទ៖ Monsoon