សារ ទី ជាប់ក្រុមធំជម្រើសជាតិដូចបំណង
ខ្សែប្រយុទ្ធវ័យក្មេងអគ្គិសនីកម្ពុជា សារ ទី បានជាប់ក្រុមធំជម្រើសជាតិកម្ពុជាដូចបំណងហើយ ក្រោយគេត្រូវបានបញ្ចូលក្នុងបញ្ជី៣០នាក់ទៅចូលរួមព្រឹត្តិការណ៍ AFF Suzuki Cup 2020 នៅប្រទេសសិង្ហបុរី។
ក្នុងរដូវកាលនេះ សារ ទី រកបាន៦គ្រាប់សម្រាប់អគ្គិសនីកម្ពុជាក្នុងក្របខណ្ឌកំពូល និងមួយគ្រាប់ក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ។
គេត្រូវបានមើលឃើញថា ជាកីឡាករវ័យក្មេងប្រកបដោយសក្ដានុពល ដោយសារបច្ចេកទេស និងភាពវៃឆ្លាតលើទីលានរបស់គេ។
កីឡាករមានកំណើតពីកំពង់ឆ្នាំងធ្លាប់បង្ហើបប្រាប់សារព័ត៌មាននានាថា គេមានបំណងចង់ជាប់ក្រុមធំជម្រើសជាតិកម្ពុជា និងចូលរួមស៊ីហ្គេម ២០២៣។
យុវជនដដែលរំឭកថា ដើមឡើយ គេបានប្រលូកក្នុងការប្រកួតនៅសាលារៀន មុនឈានជើងចូលបាទីនៅដើមឆ្នាំ២០១៩ តាមរយៈការធ្វើតេស្ដ។ ប៉ុន្តែការរួមរស់នៅក្រុមថ្នាលរបស់សហព័ន្ធបាល់ទាត់ជាតិកម្ពុជា គេមិនសូវបានបង្ហាញខ្លួនប៉ុន្មានឡើយ ទើបសម្រេចចិត្តចាកចេញនៅខែធ្នូ ចុងឆ្នាំដដែលនោះ។
មុនឈានទៅបង្ហាញសមត្ថភាពគួរចាប់អារម្មណ៍ ម្ចាស់អាវលេខ៩នៅ EDC បានទម្លាយរឿងរ៉ាវស្ទើរតែបាក់ទឹកចិត្តមួយ និងធ្វើឲ្យគេសម្រេចចិត្តវិលទៅស្រុកកំណើតមួយរយៈ នោះគឺបញ្ហាក្នុងការស្វែងរកទ្រនំថ្មី ក្រោយចាកចេញពីក្រុមយុវជនបាទី។ ប៉ុន្តែដោយសារគ្រូបង្គោលអគ្គិសនីកម្ពុជា មាស សំអឿន ទើបរូបគេបានឱកាសលេងនៅក្លិបនេះតាំងពីដើមរដូវកាល២០២០មក៕