![](https://www.msrsport.com/wp-content/uploads/2020/08/piuc.png)
លោក ផន រស្មីពេជ្រ ចូលដឹកនាំត្បូងឃ្មុំវិញចំនួនពីរប្រកួត
លោក ផន រស្មីពេជ្រ ប្រាប់ក្រុមការងារ MSR Sport ថា លោកបានវិលចូលដឹកនាំក្រុមបាល់ទាត់ជម្រើសខេត្តត្បូងឃ្មុំសាជាថ្មីវិញហើយសម្រាប់ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គ១៦ក្រុម។
តាមពិតទៅគ្រូបង្វឹកក្រុមរងជើងឯកពានសម្ដេចតេជោ ថ្នាក់ខេត្ត ២០២០ បានប្រកាសលាឈប់ម្ដងហើយក្រោយចប់វគ្គផ្ដាច់ព្រ័ត្រដែលចាញ់ព្រៃវែង កាលពីពីរសប្ដាហ៍មុន ដោយសារមិនពេញចំពោះការរៀបចំនៅពហុកីឡដ្ឋានជាតិ។ យ៉ាងណា លោកថា បានផ្លាស់ប្ដូរចិត្តវិញបន្ទាប់ពីមានការជំរុញពីកីឡាករ និងថ្នាក់ដឹកនាំ។
លោក ផន រស្មីពេជ្រ បញ្ជាក់បែបនេះ “៖ថ្នាក់ជាតិនៅតែខ្ញុំដដែល ដោយសារកីឡាករជំរុញឲ្យដឹកនាំសិន ហើយថ្នាក់ដឹកនាំក្រុមក៏ជំរុញដូចគ្នាដែរ គាត់ឲ្យដឹកនាំពីរប្រកួតបន្តទៀតសិន។ ក្រុមជិតមានអ្នកឧបត្ថម្ភថ្មី អ៊ីចឹងគាត់ឲ្យបន្តដឹកនាំទៀតសិន។”
គួរដឹងដែរថា តាមគម្រោងត្បូងឃ្មុំត្រូវធ្វើម្ចាស់ផ្ទះទទួលវិសាខា នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា នាទីលានវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមេមត់ តែក៏ត្រូវប្រកាសពន្យារវិញ ដោយសារគុណភាពទីលាន។ នេះបើយោងតាមការចុះផ្សាយពីទំព័រ CNCC។ ចំពោះកាលបរិច្ឆេទថ្មី CNCC នឹងបញ្ជាក់នាពេលក្រោយទៀត៕
រូបភាព ៖ CNCC