Arteta ត្រូវការកីឡាករថ្មីមកចូលរួមក្រោយពីអស់លទ្ធភាពចចារជាមួយ Guendouzi
(BC-99)
លោក Mikel Arteta មិនបានផ្តល់ការធានាថា Matteo Guendouzi នឹងនៅតែជាកីឡាកររបស់ Arsenal នៅរដូវកាលក្រោយទេ។
អនាគតរបស់ខ្សែបម្រើវ័យ ២១ ឆ្នាំ Guendouzi ជាមួយកាំភ្លើងធំ Arsenal ត្រូវបានគេចោទសួរចាប់តាំងពីក្លឹបដែលឋិតក្រោមការគ្រប់គ្រងរបស់លោក Mikel Arteta បានប្រកួតចាញ់ក្រុម Brighton នាពេលកន្លងមក។
កីឡាកររូបនេះនិងខ្សែប្រយុទ្ធរបស់ Brighton Neal Maupay បានប៉ះទង្គិចគ្នាជាច្រើនដងក្នុងអំឡុងពេលប្រកួតរាប់បញ្ចូលទាំងក្រោយការប្រកួតដែល Guendouzi បានច្របាច់កកីឡាករបារាំងដូចរូបគេនេះដែរ។
កាសែត Daily Mail បានអះអាងថាលោក Guendouzi បានប្រើសម្តីបញ្ចើចបញ្ចាល់អោយកីឡាករ Neal Maupay ថា “យើងរកលុយបានច្រើនជាងលុយដែលឯងមានទៅទៀត!”។
អ្វីដែលអ្នកផងបានកត់សម្គាល់នោះគឺអវត្តមាន Guendouzi ពីក្រុម Arsenal ក្នុងដំណើរទៅប្រកួតនាទឹកដីរបស់ក្រុម Southampton កាលពីថ្ងៃព្រហស្បតិ៍ ហើយវាត្រូវបានគេវាយតម្លៃថាអតីតកីឡាករ Lorient រូបនេះអាចនឹងមិននៅជាមួយ Arsenal ទៀតទេនៅយុទ្ធនាការរដូវកាលក្រោយ។
ទាក់ទងនិងរឿងនេះដែរគ្រូបង្វឹក Arteta បាននិយាយថា៖ “ទោះបីមានបញ្ហាផ្ទៃក្នុងក៏ដោយយើងនឹងដោះស្រាយជាមួយគេជាលក្ខណៈឯកជនហើយខ្ញុំនឹងមិនធ្វើរឿងនោះជាសាធារណៈឡើយ” ។ នៅពេលសួរថាតើកីឡាករ Guendouzi អាចបន្តអាជីពជាមួយ Arsenal ទៀតឬទេគ្រូបង្វឹកជាតិអេស្ប៉ាញបានឆ្លើយថា “ខ្ញុំកំពុងពឹងផ្អែកលើកីឡាករទាំងអស់ដែលនៅទីនេះ។ ប៉ុន្តែប្រសិនបើពួកគេចង់លោតចេញពីទូកនេះ យើងពិតជាមិនឃាត់ឃាំងនោះទេ។ វាជាការងាររបស់ខ្ញុំ វាជាផ្នត់គំនិតរបស់ខ្ញុំ។ ខ្ញុំនៅទីនេះដើម្បីជួយពួកគេទាំងអស់គ្នាដើម្បីរួមគ្នាធ្វើការកែលំអ” ។