លោក Southgate សម្តែងការសោកស្តាយក្រោយពី អង់គ្លេស ខកខានមិនបានឈានដល់វគ្គផ្តាច់ព្រ័ត្រ Nations League
(BC-99)
ក្តីសង្ឃឹមរបស់អង់គ្លេសក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រនៃ Nations League ត្រូវបានបញ្ចប់ដោយសារតែភ្លាត់ចាញ់ក្រុមបែលហ្ស៊ិកនៅ Leuven ដោយលទ្ធផល ២-០។
ក្នុងឯកសណ្ឋានជាជម្រើសជាតិ បែលហ្ស៊ិក កីឡាករ Youri Tielemans របស់ក្រុម Leicester City បានរកគ្រាប់បាល់បើកឆាកបន្ទាប់ពីលេងបាន ១០ នាទីពីចម្ងាយ ២០ ម៉ែត្រក្រោយពីទទួលបាល់បានពី Lukaku។ មួយគ្រាប់បំប៉ោងសំណាញ់ទីរបស់ក្រុម អង់គ្លេស ជាបន្តគឺជារបស់កីឡាករ Napoli Dries Mertens ដែលជាការទាត់បាល់ Freekick នៅនាទីទី២៤នៃតង់ទី១ដដែល។
បើទោះជាក្រុមជម្រើសជាតិ អង់គ្លេស មានឱកាសគ្រប់គ្រងបាល់ស្ទើរតែទាំងស្រុងនៅលើទីលាននិងមានឱកាសស៊ុតចំនួន១៥ដងក៏ដោយក៏ក្រុមរហស្សនាម តោកំណាច មួយនេះមិនមានសំណាងរកគ្រាប់បាល់បញ្ចូលទីទៅលើក្រុម បែលហ្ស៊ិក វិញបាននោះទេ។
លោក Gareth Southgate បាននិយាយនៅក្រោយចប់ការប្រកួតដែរថា បរាជ័យនេះវាមិនមាននៅក្នុងកូនសៀវភៅរបស់គាត់ឡើយ។ លោកមានការសោកស្តាយយ៉ាងខ្លាំទៅនឹងលទ្ធផលអវិជ្ជមានមួយនេះ។ លោកថា បែលហ្ស៊ិក ពិតជារឹងមាំបើទោះជា អង់គ្លេស បានប្រើវិធីសាស្រ្តវាយសម្រុកខ្លាំងៗយ៉ាងណាក៏ដោយ។
បរាជ័យនេះមានន័យថា អង់គ្លេស នឹងមិនអាចឈានដល់វគ្គផ្តាច់ព្រ័ត្រឡើយបើទោះជានៅសល់មួយប្រកួតក្នុងដៃក៏ដោយ។ គួររម្លឹកថាកាលពីព្រិត្តិការណ៍ UEFA Nations League ឆ្នាំ ២០១៩ អង់គ្លេស បានបញ្ចប់ចំណាត់ថ្នាក់លេខ ៣ ខណៈដែល ព័រទុយហ្កាល់ ជាម្ចាស់ជើងឯក។