Liverpool បញ្ជាក់ពីការទិញខ្សែការពារកណ្តាល Preston
(BC-99)
លោក Jurgen Klopp បានសារភាពថា Liverpool តែងតែតាមដានការប្រកួតរបស់ Preston North End នាក្របខណ្ឌ Championship ដើម្បីចុះហត្ថលេខាលើកីឡាករថ្មីម្នាក់នេះ។
ខ្សែការពារកណ្តាល Ben Davies គឺជាអត្តពលលិកម្នាក់ដែលក្រុម ហង្សក្រហម Liverpool បានចាប់អារម្មណ៍និងបានបំពេញសំណើរផ្លាស់ប្តូរបានសម្រេចនៅមុនថ្ងៃផុតកំណត់មួយថ្ងៃសម្រាប់រដូវកាលដោះដូរនេះ។
នាពេលបច្ចុប្បន្នខ្សែការពារកណ្តាលរបស់ Liverpool ទាំងបួននាក់ត្រូវបានរងរបួសហើយក៏ជាពេលវេលាដែលលោក Klopp ត្រូវតែរួសរាន់រកដំណោះស្រាយផងដែរដោយលោកបានដាក់គោលដៅលើ Davies និងមិត្តរួមក្រុម Ozan Kabak ។
លោក Klopp បានប្រាប់គេហទំព័ររបស់ក្លិបថា៖ “ អ្វីដែលខ្ញុំចូលចិត្តអំពី Ben គឺរូបគេមានសមត្ថភាពការពារបានល្អនៅពីមុខអ្នកចាំទីនិងកាត់បន្ថយឱកាសស៊ុតរបស់គូប្រជែង។ ជារឿយៗខ្ញុំតែងតែមើលការប្រកួតរបស់ពួកគេនៅក្របខណ្ឌ Championship ដែលមានការប្រកួតប្រជែងដ៏តឹងតែងមិនចាញ់ League ធំនោះទេ។ ខ្ញុំរំពឹងថាពួកយើងនឹងអាចរួមការងារជាមួយគ្នាបាន” ។