
មិនត្រឹមតែមិនបន្ទោស តែគ្រូបង្វឹក និងកីឡាករ Liverpool សម្តែងការអាណិតចំពោះអ្នកចាំទី Karius
គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បាននិយាយថា លោកមានអារម្មណ៍អាណិតអាសូរចំពោះអ្នកចាំទី កីឡាករ Loris Karius ទោះបីជាកីឡាកររូបនេះ បានបង្កើតកំហុសដល់ទៅ ២ដង ដែលហាក់ដូចជាជួយឲ្យ Real Madrid ឈ្នះពានរង្វាន់ Champions League ក៏ដោយ។
លោក Klopp បាននិយាយថា កំហុសលើកទី ២ កើតចេញពីកំហុសលើកទី ១ ប៉ុន្តែវាពិតជាពិបាកគ្រប់គ្រងស្ថានការណ៍ខ្លាំងណាស់។ លោកបានបន្តថា Loris ដឹងពីរឿងនេះ ហើយគេក៏មានភាពអាម៉ាស់ចំពោះការប្រកួតនេះដែរ។ ដូច្នេះលោកអាណិតគេ ហើយនៅតែចាត់ទុកគេថាជាក្មេងដ៏អស្ចារ្យម្នាក់។ ចំពោះលោក Klopp អ្នកចាំទី Karius ធ្វើបានល្អ ក្នុងពេលកន្លងមក ទើបតែលើកនេះ គេភ្លាត់ស្នៀតខ្លាំងតែម្តង។
គួររម្លឹកជូនថា Karius បានភ្លាត់ស្នៀតចំពោះគ្រាប់បាល់ទី១ របស់ Real Madrid ដែលធ្វើបានដោយកីឡាករ Karim Benzema បន្ទាប់មក គេក៏បានភ្លាត់ស្នៀតចំពោះគ្រាប់បាល់ទី៣ របស់ Gareth Bale ផងដែរ។ ប្រិយមិត្តលើបណ្តាយសង្គមភាគច្រើន បានចំអកថា អ្នកចាំទីរូបនេះ ជាបញ្ហាដែលធ្វើឲ្យ Liverpool ចាញ់។ តែយ៉ាងណាចំពោះកីឡាករ និងគ្រូបង្វឹករបស់ Liverpool នេះគឺជាកំហុសអចេតនា ហើយពួកគេមិនបានបន្ទោសលើ Karius នោះទេ។
គួរជម្រាបជូនដែរថា តាំងពីចូលមកដឹកនាំ Liverpool កាលពីឆ្នាំ ២០១៥ លោក Jurgen Klopp ពុំដែលដឹកនាំក្រុមឲ្យទទួលបានពានរង្វាន់នោះទេ តែលោកបាននាំក្រុមឲ្យឡើងដល់វគ្គផ្តាច់ព្រ័ត្រជានិច្ចកាល៕
ទស្សនាវីដេអូ Highlight ពីការប្រកួតយប់មិញ៖ https://www.youtube.com/watch?v=Gs4QG1pHBlU