
Sergio Ramos លើកពានសប្បាយខណៈ Salah ត្រូវបញ្ជាក់ថា«របួសធ្ងន់ធ្ងរ»
គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានបញ្ជាក់នៅក្នុងសន្និសីទកាសែតក្រោយបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់អឺរុប Champions League កាលពីយប់មិញថា របួសស្មារបស់ Mohamed Salah មានលក្ខណៈ «ធ្ងន់ធ្ងរខ្លាំង»។
លោក Klopp បាននិយាយថា «របួសនេះគឺធ្ងន់ធ្ងរខ្លាំងណាស់ …»។ លោកបន្តថា៖ « Salah ត្រូវបានបញ្ជូនទៅធ្វើ X-ray ក្នុងមន្ទីរពេទ្យ ទីក្រុងគៀវ ភ្លាមៗក្រោយពេលត្រូវរបួស។ មើលទៅគេអាចប៉ះពាល់ខ្លាំងលើឆ្អឹងដងកាំបិត ឬ ស្មា។ មើលទៅមិនល្អនោះទេ»។
គួរជម្រាបជូនថា កាលពីយប់មិញ Mohamed Salah ដែលជាកូនសោរដ៏សំខាន់របស់ Liverpool ត្រូវបង្ខំចិត្តប្តូរចេញទាំងទឹកភ្នែក អំឡុងនាទីទី ៣០ បន្ទាប់ពីកីឡាកររបស់ Real Madrid គឺ Sergio Ramos បានមកគៀបដៃគេ ហើយបង្ករឲ្យរងរបួសខ្លាំង។ Liverpool ដោយគ្មាន Salah តាំងពីតង់ទី១ បានត្រឹមបញ្ចប់ក្នុងលទ្ធផល 1-3 ហើយទីបំផុតក្លឹបអធិរាជស Real Madrid ក៏បន្តលើកពានរង្វាន់បាល់ទាត់អឺរុប UEFA Champions League បីរដូវកាលជាប់គ្នា និងជាពានលើកទី ១៣៕