កីឡាការិនី PSG ត្រូវបានចាប់ខ្លួនពីបទជួលគេឲ្យធ្វើបាបមិត្តរួមក្រុមឯង
កីឡាការិនី Aminata Diallo របស់ក្លិប Paris Saint Germain ត្រូវបានចាប់ខ្លួនពីបទរៀបគម្រោងធ្វើបាបមិត្តរួមក្រុមដើម្បីដណ្ដើមកន្លែងលេងក្នុងក្លិប និងក្រុមជម្រើសជាតិបារាំង។
PSG រាយការណ៍ថា ខ្សែបម្រើខាងលើកំពុងស្ថិតក្នុងការឃុំឃាំងពីប៉ូលិសសម្រាប់ការពាក់ព័ន្ធរឿងវាយប្រហារលើមិត្តរួមក្រុមកាលថ្ងៃទី០៤ ខែវិច្ឆិកា កន្លងទៅ។
ក្លិបបារាំងនេះបញ្ជាក់ថា កីឡាការិនីរបស់ពួកគេម្នាក់បានរងគ្រោះក្នុងការវាយប្រហាររហិង្សាមួយ។
Diallo ត្រូវបានចោទប្រកាន់ថា បានជួលបុរស២នាក់ធ្វើបាបមិត្តរួមក្រុម Kheira Hamraoui។ នេះបើតាមសារព័ត៌មាន L’Equipe។
កីឡាការិនីវ័យ២៦ឆ្នាំត្រូវបានគេដឹងថា ធ្វើនេះដើម្បីប្រជែងកៅអីលេងក្នុងក្លិប និងជម្រើសជាតិ។
កាលថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា សប្ដាហ៍មុន ពេលកំពុងអង្គុយក្នុងរថយន្ដ ប្រហែលម៉ោង១០យប់ក្រោយចេញពីជប់លៀងជាមួយមិត្តរួមក្រុមឯទៀត ស្រាប់តែមានបុរសបិទមុខ២នាក់សំដៅទៅរកនាង Hamraoui អូសចេញមកក្រៅ ហើយវាយធ្វើបាប របួសជើង និងដៃ។ នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
Hamraoui វ័យ៣១ឆ្នាំធ្លាប់លេងឲ្យ PSG ម្ដងដែរពីឆ្នាំ២០១២ដល់២០១៦ មុនផ្លាស់ទៅ Lyon និង Barcelona។ នាងបានវិលមកក្រុមចាស់នេះវិញអំឡុងទីផ្សារដោះដូរឆ្នាំ២០២០។ ការវិលត្រលប់របស់នាងបានប៉ះពាល់ដល់តំណែងលេងរបស់ Diallo ទាំងក្នុងក្លិប និងជម្រើសជាតិ៕