Klopp មិនទុកជើង Salah និងកីឡាករសំខាន់ៗផ្សេងទៀតពេលប៉ះ Brighton យប់នេះ
លោក Jurgen Klopp អ្នកចាត់ការ Liverpool ទទូចថា វានឹងជារឿងអាក្រក់មើល ប្រសិនបើមិនដាក់កីឡាករពេញសាច់ ដូចជា Mohamed Salah ជាដើមចូលក្នុងការប្រកួតតទល់ Brighton & Hove Albion នៅថ្ងៃទីសៅរ៍ ទី៣០ ខែតុលា នៃការប្រកួតក្របខណ្ឌកំពូលអង់គ្លេស។
អ្នកចាត់ការក្រុមហង្សក្រហមរូបនេះមិនស្របនឹងគំនិតនៃការឆ្លាស់កីឡាករសម្រាប់ជំនួបតទល់ក្រុមលេខ៥ Brighton ទេ។ ជាជំនួសវិញ លោកនឹងដាក់កីឡាករល្អៗពេញជើងតែម្ដង ដើម្បីបន្តភាពមិនចាញ់២៣ប្រកួតជាប់គ្នាពីគ្រប់កម្មវិធី។
“បំភ្លេចវាចោលទៅអារឿងដូរជម្រើស១១នាក់ដំបូងហ្នឹង។ វាពិតជាការប្រកួតដ៏ពិសេសក្នុងលីគ និងតទល់ក្រុមដែលសម្បូរល្បិចកល។ អត់មានអ្នកចង់សម្រាកទេ ព្រោះពួកគេចង់លេង។” នេះជាការថ្លែងរបស់អ្នកចាត់ការជនជាតិអាល្លឺម៉ង់។
Klopp បានផ្លាស់ប្ដូរកីឡាករដល់ទៅ១១នាក់ក្នុងការប្រកួតឈ្នះ Preston នៅ Carabao Cup កាលថ្ងៃពុធ ហើយថ្ងៃសៅរ៍នេះ Takumi Minamino និង Divock Origi នឹងស្ថិតក្នុងកៅអីបម្រុង។
៩ប្រកួតកន្លងមក Liverpool ស្ថិតនៅលេខ២ មាន ២១ពិន្ទុ ពីក្រោមក្រុមលេខ១ Chelsea ១ពិន្ទុ។ ចំណែក Brighton នៅលេខ៥ មាន១៥ពិន្ទុ៕