ក្រុមកាំភ្លើងធំ Arsenal គ្រោងទិញយកខ្សែបម្រើរបស់ក្រុមហង្សក្រហម Liverpool ដែលជាអតីតកីឡាកររបស់ខ្លួន
(BC-99)
Arsenal កំពុងតែផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយជាមួយ Alex Oxlade-Chamberlain ដែលជាអតីតកីឡាកររបស់ខ្លួន។
ខ្សែបម្រើកណ្តាលដែលអាចលេងនៅខ្សែការពារស្លាបស្តាំឬការពារកណ្តាលយ៉ាងស្ទាត់ជំនាញរូបនេះបានផ្លាស់ចេញពី Arsenal ទៅ Liverpool ក្នុងឆ្នាំ ២០១៧ ។ យោងតាមសារព័ត៌មាន The Sun បានអោយដឹងថាក្រុម Arsenal កំពុងពិចារណានាំយកកីឡាករវ័យ ២៨ ឆ្នាំរូបនេះមកវិញនៅក្នុងខែមករាលើលក្ខខណ្ឌខ្ចីជើងឬជាការផ្ទេរជាអចិន្រ្តៃយ៍។ ខ្សែបម្រើរូបនេះកំពុងតស៊ូដើម្បីបានកៅអីលេងជាកីឡាករជម្រើសដំបូងនៅ Liverpool ខណៈដែលមិត្តរួមក្រុមចាស់របស់គេដែលជាគ្រូបង្វឹករបស់ Arsenal នាពេលបច្ចុប្បន្នគឺលោក Mikel Arteta បានជឿជាក់ថា Oxlade-Chamberlain អាចនឹងត្រឡប់មកជួយក្រុមចាស់នេះវិញបាន។
គួរបញ្ជាក់ថា Oxlade-Chamberlain បានចំណាយពេលប្រាំមួយឆ្នាំជាមួយក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍ដោយបានចូលរួមប្រកួតបានចំនួន ១៣២ ប្រកួតនិងស៊ុតបញ្ចូលទីបាន ៩ គ្រាប់។ ដោយឡែករូបគេបានចូលរួមជាមួយ Liverpool ជិត៤រដូវកាលហើយដោយបានចូលរួមជួយឱ្យក្រុមនេះឈ្នះពាន Champions League, UEFA Spur Cup, FIFA Club World Cup និង Premier League តាមរយៈការបង្ហាញខ្លួន ៧៨ ប្រកួតនិងស៊ុតបញ្ចូលទីបានចំនួន ៨ គ្រាប់។