ក្លិបវៀតណាមឈ្នះស្វាយរៀងនៅ AFC Cup ប្រកាសផ្អាក ក្រោយជំពាក់លុយកីឡាករជាង៧០ពាន់លានដុង
ក្លិបបាល់ទាត់វៀតណាម Than Quang Ninh បានប្រកាសបញ្ឈប់ដំណើរការរយៈពេលមួយឆ្នាំចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ។
បន្ទាប់ពីកិច្ចប្រជុំក្នុងចំណោមថ្នាក់ដឹកនាំ ក៏មានការប្រកាសពីការចាប់ផ្ដើមបញ្ចប់កិច្ចសន្យាកីឡាករ, ក្រុមការងារ និងក្រុមគ្រូបង្វឹក។
ប្រធានក្រុម Nguyen Hai Huy និងខ្សែការពារ Duong Van Khoa ជាបុគ្គល២រូបមុនគេដែលទទួលបានលិខិតនៃការបញ្ចប់កិច្ចសន្យានេះ។
ការផ្អាកដំណើរការនេះ ក៏ដោយសារតែក្លិបមានមូលដ្ឋាននៅខេត្ត Quang Ninh ជំពាក់ប្រាក់ខែ និង លុយ Bonus កីឡាករ៤ខែមកហើយ ដែលសរុបទៅខ្ទង់៧០ពាន់លានដុង ឬជាង៣០ម៉ឺនដុល្លារអាមេរិក។ ចំណែកបុគ្គលិកវិញក៏មិនទាន់បានបើកប្រាក់ខែ៩ខែមកហើយដែរ។
លោក Pham Thanh Hung ប្រធានក្លិប Than Quang Ninh ធ្លាប់បង្ហើបពីគម្រោងប្រគល់ក្លិបនេះទៅឲ្យគណៈមជ្ឈិមខេត្ត Quang Ninh គ្រប់គ្រងដែរ។
គួរដឹងដែរថា ក្លិបបាល់ទាត់ Than Quang Ninh ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៦។ ក្រុមនេះធ្លាប់ឈ្នះព្រះខ័នរាជស្វាយរៀងនៅពហុកីឡដ្ឋានជាតិ ក្នុងពានរង្វាន់ AFC Cup 2020 វគ្គចែកពូលផងដែរ។
ទន្ទឹមនឹងនេះ ការប្រកួតជើងឯកក្របខណ្ឌកំពូលវៀតណាម V-League 1 រដូវកាល២០២១ ត្រូវបានលុបចោលដោយសារការរាលជំងឺកូវីដ១៩៕