Lewandowski ក្លាយជាកីឡាករទី១រកបាន១០គ្រាប់ក្នុង៥ប្រកួតដំបូងនៅ Bundesliga
៣គ្រាប់របស់ Robert Lewandowski ក្នុងជ័យជម្នះ៥ទល់នឹង០របស់ Bayern Munich លើ Einthracht Frankfurt នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ធ្វើឲ្យ Robert Lewandowski ក្លាយជាកីឡាករទីមួយនៅ Bundesliga រកបាន១០គ្រាប់ពីការប្រកួត៥លើកដំបូង។
៣គ្រាប់នោះកើតឡើងចេញពីជើងឆ្វេង, ជើងស្ដាំ និងក្បាលរបស់ខ្សែប្រយុទ្ធជនជាតិប៉ូឡូញខាងលើ។
ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរកបាន៩គ្រាប់ពីការប្រកួត៥លើកដំបូងនៅរដូវកាល២០១៩/២០២០ ស្មើអតីតខ្សែប្រយុទ្ធ Peter Meyer របស់ Borussia Monchengladbach ដែលធ្វើបាននៅរដូវកាល១៩៦៧/៦៨។ សរុបរដូវកាលមុន Lewandowski រកបាន៥៥គ្រាប់ពីការប្រកួត៤៧លើកគ្រប់កម្មវិធី និង៣៤គ្រាប់នៅ៣១ប្រកួតក្នុងក្របខណ្ឌ Bundesliga។
រដូវកាល២០២០/២០២១នេះ អតីតខ្សែប្រយុទ្ធ Dortmund មានមធ្យមភាគមួយគ្រាប់ក្នុងរយៈពេល៣៧នាទីនៅក្របខណ្ឌកំពូល។
ជាមួយរឿងដ៏ល្អនេះ Bayern Munich ក៏មានដំណឹងមិនល្អដែរ ព្រោះខ្សែការពារឆ្វេង Alphonso Davies ទំនងត្រូវសម្រាក៨សប្ដាហ៍ដោយសាររបួសសរសៃកជើង។ មានន័យថា កីឡាករកាណាដារូបនេះត្រូវសម្រាកដល់ដាច់ឆ្នាំ២០២០តែម្ដង ព្រោះ Bundesliga ត្រូវសម្រាកចុងឆ្នាំនៅ៨សប្ដាហ៍ទៀត៕