អតីតកីឡាករ Man UTD ម្នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទលាងលុយកខ្វក់
Anderson អតីតខ្សែបម្រើ Manchester United បានស្ថិតក្រោមការស៊ើបអង្កេតពីបទលាងលុយ៤លាន៧សែនផោនតាមរយៈលុយអេឡិចត្រូនិក ឬ cryptocurrencies។ នេះបើតាមការចុះផ្សាយពី Daily Mail។
គេស្ថិតក្នុងចំណោមអ្នកសង្ស័យ៨នាក់ដែលស្ថិតក្រោមការស៊ើបអង្កេតដោយរដ្ឋអាជ្ញាប្រេស៊ីល។
មិនមានការបញ្ចេញអត្តសញ្ញាណអ្នកពាក់ព័ន្ធផ្សេងទៀតទេ ដោយគេដឹងតែពី Anderson មួយប៉ុណ្ណោះ។ ដោយឡែក អ្នកទាំង៨ក៏ត្រូវបានរងការចោទប្រកាន់ពីបទប្លន់, ឧកិ្រដ្ឋកម្ម និងការលាងលុយ, ទ្រព្យសម្បត្តិ និងវត្ថុមានតម្លៃផ្សេងៗ។
ការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងជាងមួយឆ្នាំមកហើយ នៅពេលរដ្ឋអាជ្ញាបង្ហាញពីការស្រាវជ្រាវចំនួន១៣ និងចេញដីការក្នុងតំបន់ Porto Alegre។ ក៏មានការស្រាវជ្រាវនៅអាផាតមិនរបស់ Anderson ដែរ។
Anderson បានប្រាប់សារព័ត៌មាន Globo ថា គេបានវិនិយោគលើលុយអេឡិចត្រូនិកនេះតាំងពីឆ្នាំ២០១៩ ហើយក្រុមហ៊ុនរបស់គេបានលក់ Bitcoin ទៅកាន់ក្រុមហ៊ុនពាក់ព័ន្ធ តែមិនដឹងថា ប្រភពបានមកពីណាទេ។
គួរបញ្ជាក់ថា Bitcoin ក៏ជាប្រភេទរូបិយវត្ថុមួយដែរ គ្រាន់តែវាជារូបិយវត្ថុដែលអរូបិយ ហើយដែលមិនមែនចេញដោយធនាគារកណ្តាលនៃប្រទេសណាមួយ ប៉ុន្តែអាចត្រូវគេយកទៅប្រើជាមធ្យោបាយដោះដូរនៅតាមប្រព័ន្ធអ៊ីនធ័រនែត ដូចជារូបិយវត្ថុធម្មតាដែរ។ (នេះជាសម្រង់ពីវិទ្យុ RFI ជាខេមរភាសា)