Solskjaer ចង់ឲ្យមេ Man UTD ដំឡើងឡើងប្រាក់ខែកីឡាករ៥នាក់
លោក Ole Gunnar Solskjaer អ្នកចាត់ការ Manchester United បានដាក់សំណើទៅកាន់ថ្នាក់ដឹកនាំក្លិបឲ្យដំឡើងថ្លៃនឿយហត់កីឡាករ៥រូបដែលបានរួមចំណែកច្រើនដល់ក្លិប។
បើតាមសារព័ត៌មាន Metro អ្នកទាំង៥រូបនោះមាន ខ្សែការពារកណ្ដាល Harry Maguire, ខ្សែការពារឆ្វេង Luke Shaw, ខ្សែប្រយុទ្ធ Marcus Rashford និងខ្សែបម្រើទាំង២ គឺ Bruno Fernandes និង Paul Pogba។
Bruno ជាករណីជាក់ស្ដែង។ ម្ចាស់អាវលេខ១៨រូបនេះនៅសល់កុងត្រា៤ឆ្នាំទៀត តែគេរកបានត្រឹម១០ម៉ឺនផោនប៉ុណ្ណោះក្នុងមួយសប្ដាហ៍ តិចជាងអ្នកចាំទី David De Gea ដែលទទួលបាន៣៧៥០០០ផោនក្នុងមួយសប្ដាហ៍ និង Paul Pogba ២៧៥០០០ផោនក្នុងមួយសប្ដាហ៍។ ប្រភពខ្លះបង្ហើបថា ថ្នាក់ដឹកនាំបិសាចក្រហមចង់គុណប្រាក់ខែនឹង២ឲ្យ Bruno។
សម្រាប់កីឡាករជម្រើសជាតិអង់គ្លេស៣នាក់ គឺ Maguire, Rashford និង Shaw រកបាន១៩ម៉ឺនផោនក្នុងសប្ដាហ៍។ កុងត្រាថ្មីរបស់ពួកគេអាចឡើងលុយបានថែមទៀតខ្លះៗដែរ។
ចំពោះករណី Pogba វិញ ថ្នាក់ដឹកនាំ Man UTD នៅតែមានទំនុកចិត្តថា គេនឹងតកុងត្រាថ្មី។ សមាជិកក្រុមជម្រើសជាតិបារាំងត្រូវបាន Paris Saint Germain អន្ទងដោយហ៊ានឲ្យ៥១ម៉ឺនផោនក្នុងមួយសប្ដាហ៍។ កុងត្រារបស់គេនៅ Old Trafford នឹងអស់សុពលភាពដំណាច់រដូវកាលនេះហើយ ហើយគេអាចចាកចេញដោយឥតតម្លៃខ្លួន។
លោក Gary Neville អតីតប្រធានក្រុម Manchester United ពុំមានសុទិដ្ឋិនិយមទេថា Pogba នឹងបន្តនៅ Man UTD ព្រោះមហិច្ឆតារបស់គេនៅក្លិបផ្សេងទៅហើយ។ លោកជឿថា Pogba ចង់ទៅ Real Madrid ឬ PSG៕