រវល់តែរឿង ESL ឥឡូវ Bayern ត្រូវការឈ្នះតែ៣ពិន្ទុទៀតទេដើម្បីលើកពាន Bundesliga
Bayern Munich ត្រូវការតែជ័យជម្នះមួយលើកទៀតប៉ុណ្ណោះពីការប្រកួត៤ដងដែលនៅសល់ដើម្បីគ្រងតំណែងជើងឯកក្របខណ្ឌកំពូលអាល្លឺម៉ង់ជាលើកទី៩ជាប់ៗគ្នា។
ក្នុងការប្រកួតនៅថ្ងៃអង្គារ ទី២១ ខែមេសា ក្រុមការពារតំណែងជើងឯកខាងលើបានយកឈ្នះ Bayer Leverkusen ២ទល់នឹង០។
Eric Maxim Choupo-Moting បានទាត់ផ្កាប់ចានបញ្ចូលទីបើកការនាំមុខក្នុងនាទីទី០៧។ Joshua Kimmich បន្ថែមគ្រាប់ទី២នាទី១៣ ចូលកែងខាងក្រោមយ៉ាងល្អ។
ឆ្លងកាត់ការប្រកួត៣០លើក Bayern Munich មាន៧១ពិន្ទុ នាំមុខ១០ពិន្ទុទៅលើក្រុមលេខ២ RB Leipzig ដែលចាញ់ FC Cologne ២ទល់នឹង១។
Choupo-Moting រកបានគ្រាប់បាល់៣ប្រកួតជាប់គ្នាជាលើកទី២ក្នុងអាជីព ដោយកាលពីមុនគេធ្វើបានក្នុងខែមីនា ឆ្នាំ២០១៤ ពេលលេងនៅ Mainz។
Bayern Munich អាចឈ្នះជើងឯកលីគកំពូល ប្រសិនបើអាចផ្ដួល Mainz នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ហើយលោក Hansi Flick ក៏អាចលើកពានទី៧ក្នុងនាមជាអ្នកចាត់ការ មុនចាកចេញនាដំណាច់រដូវកាលខាងមុខ៕