CR7 រកគ្រាប់បាល់ដំបូងក្នុងវគ្គជម្រុះ World Cup 2022 ឲ្យព័រទុយហ្គាល់
Diogo Jota, Cristiano Ronaldo និង Alves Palhinha Gonçalves រកបានម្នាក់មួយគ្រាប់ ជួយព័រទុយហ្គាល់វាយបកឈ្នះលុចហ្សំបួរ ក្នុងវគ្គជម្រុះ FIFA World Cup 2022 នៅថ្ងៃអង្គារ ទី៣១ ខែមីនា។
ម្ចាស់ផ្ទះលុចហ្សំបួរដែលបានយកឈ្នះសាធារណរដ្ឋអៀរឡង់កាលថ្ងៃសៅរ៍បាននាំមុខក្រុមជើងឯកអឺរ៉ុបព័រទុយហ្គាល់ តាមរយៈការតែតបញ្ចូលទីពី Gerson Rodrigues ក្នុងនាទី៣០។
យ៉ាងណា Jota ខ្សែប្រយុទ្ធ Liverpool បានតែតតាមស្មើក្នុងនាទី៤៥+២។
ចូលដល់វគ្គទី២ នាទី៥០ Ronaldo ទាត់ឲ្យព័រទុយហ្គាល់នាំមុខវិញ។ នេះជាគ្រាប់ដំបូងរបស់គេក្នុងវគ្កជម្រុះ FIFA World Cup 2022។ គ្រាប់ទី៣របស់ក្រុមលោក Fernando Santos កើតឡើងក្នុងនាទី៨០ ដោយ Joao Palhinha តែតបញ្ចូលទីពីការទាត់បាល់ជ្រុង។
លុចហ្សំបួរថយចំនួនកីឡាករម្នាក់ ក្រោយ Maxime Chanot ទទួលបានកាតលឿងទី២ បន្ទាប់ពីបង្កកំហុសលើ Renato Sanches។
ជ័យជម្នះនេះ មានន័យថា ព័រទុយហ្គាល់មាន៧ពិន្ទុស្មើស៊ែបដែលពួកគេលេងស្មើគ្នា២ទល់នឹង២ក្នុងការប្រកួតដ៏ចម្រូងចម្រាសពាក់ព័ន្ធគ្រាប់បាល់របស់ Cristiano Ronaldo៕