West Ham ស៊ី Leicester ៤-១ យកទាំងកំពូល Premier League និង Top Scorer
West Ham United បានយកឈ្នះ Leicester City ៤ទល់នឹង១ ក្នុងការប្រកួត Premier League រដូវកាល២០២១/២០២២ សប្ដាហ៍ទី២របស់ពួកគេ នៅថ្ងៃចន្ទ ទី២៣ ខែសីហា។
តាមពិតទៅ Leicester ហាក់សម្រុកច្រើនទៅលើក្រុមម្ចាស់ផ្ទះ តែផ្ទុយទៅវិញ គឺក្រុមញញួរធំទេដែលបាននាំំមុខមុន ពេល Said Benrahma កាត់ឲ្យ Pablo Fornals ទាត់បញ្ចូលទីបានសម្រេច ក្នុងនាទី២៦។ ដល់នាទី៤០ Ayoze Perez របស់ Leicester ទទួលបានកាតក្រហម បន្ទាប់ពីជាន់លើ Fornals។
ចូលដល់វគ្គទី២ នាទី៥៦ Michail Antonio បាន assist ឲ្យ Benrahma ទាត់បញ្ចូលទីនាំមុខ២ទល់នឹង០។
Youri Tielemans បានទាត់បញ្ចូលទីតាមពីក្រោយមួយគ្រាប់សម្រាប់ក្រុមលោក Brendan Rodgers ក្នុងនាទី៦៩។
យ៉ាងណា ក្រុមលោក David Moyes មិនទាន់អស់គ្រាប់បាល់ទេ ដោយ Michail Antonio រកបាន២គ្រាប់បន្ថែមទៀតក្នុងនាទី៨០ និង៨៤។ នេះជាជ័យជម្នះ២ប្រកួតដំបូងនៅក្របខណ្ឌកំពូលអង់គ្លេសជាលើកទី២សម្រាប់ West Ham។
ជ័យជម្នះនេះមានន័យថា West Ham ឈរកំពូលតារាង មាន៦ពិន្ទុ ស្មើ Chelsea, Liverpool, Brighton និង Tottenham តែក្រុមលោក David Moyes មានគ្រាប់បាល់បញ្ចូលទីច្រើនជាង។
អ្វីគួរកត់សម្គាល់មួយទៀតនោះ គឺ Michail Antonio រកបាន៣គ្រាប់ពីការប្រកួត២លើកដំបូងនៅ Premier League ស្មើ Bruno Fernandes។ គេក៏ក្លាយជាអ្នករកគ្រាប់បាល់បញ្ចូលទីរបស់ West Ham ច្រើនជាងគេនៅ Premier League (គិតតែ Premier League តាំងពីឆ្នាំ១៩៩២ទេ) ដោយមាន៤៩គ្រាប់ វ៉ាផុតអតីតខ្សែប្រយុទ្ធ Paolo Di Canio ២គ្រាប់៕