ខ្សែប្រយុទ្ធ Cavani របស់ក្រុម Man Utd បង្ហាញពីនិមិត្តរូបរបស់ខ្លួនកាលពីនៅក្មេង
ថ្មីៗនេះខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United Edinson Cavani បាននិយាយអំពីអតីតកីឡាករដែលជានិមិត្តរូបរបស់ខ្លួនកាលពីក្មេង។
Cavani និយាយថាកីឡាករអាហ្សង់ទីនដ៏អស្ចារ្យមួយរូបគឺជាមនុស្សដំបូងគេដែលបានជំរុញឱ្យរូបគេបណ្តុះឆន្ទៈក្លាយខ្លួនជាកីឡាករបាល់ទាត់អាជីពមកដល់ពេលបច្ចុប្បន្ននេះ។
Gabriel Batistuta ដែលជាអតីតកីឡាកររបស់ក្លិបនៅ អ៊ីតាលី Fiorentina បានក្លាយទៅជានិមិត្តរូបរបស់ Cavani តាំងពីពេលគេនៅកុមារភាព។ ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហមរូបនេះបាននិយាយប្រាប់គេហទំព័រ manutd.com ថា៖“ នៅពេលខ្ញុំនៅក្មេងខ្ញុំមិនបានគិតគូរអ្វីច្រើនក្រៅពីបច្ចុប្បន្នភាពនាពេលនោះទេ។ ឈានដល់វ័យ ១៣ ឬ ១៤ ឆ្នាំទើបខ្ញុំចាប់អារម្មណ៍ពីការលេងបាល់ទាត់កាន់តែខ្លាំង។ នៅពេលនោះអ្នកដែលធ្វើឱ្យខ្ញុំចង់ត្រាប់តាមជាខ្លាំងគឺ Gabriel Batistuta គាត់ជាកីឡាករដ៏ល្អបំផុត។ ខ្ញុំក៏ដាក់ការតាំងចិត្តថានឹងធ្វើឱ្យដូចជារូបគាត់នៅថ្ងៃណាមួយឱ្យបាន ជាពិសេសគឺជាកីឡាករតំណាងជាតិនិងបានទៅលេងនៅទ្វីបអឺរ៉ុប! ” ។
សូមបញ្ជាក់ដែរថា Gabriel Batistuta បានបិទបញ្ចប់អាជីពរបស់ខ្លួននៅឆ្នាំ ២០០៥ ជាមួយក្លិបបាល់ទាត់ Al-Arabi បន្ទាប់ពីបានប្រឡូកក្នុងក្លិបល្បីៗមួយចំនួនដូចជា River Plate, Boca Junior, Roma និង Fiorentina។ ដោយឡែកខ្សែប្រយុទ្ធ Edinson Cavani ខ្សែប្រយុទ្ធរបស់ Manchester United នាពេលបច្ចុប្បន្នក៏ត្រូវបានបង្ហាញឱ្យឃើញតម្រុយដែរថារូបគេនឹងមិនបន្តកិច្ចសន្យាជាបិសាចក្រហមនៅរដូវកាលក្រោយឡើយ។