FIFA បដិសេធសំណើផ្ញើសារសន្តិភាពរបស់លោក Zelensky ក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ត្រូវបានគេនិយាយថា បានស្នើឱ្យផ្ញើសារសន្តិភាពនៅវគ្គផ្តាច់ព្រ័ត្រ World Cup រវាងបារាំង និងអាហ្សង់ទីន ប៉ុន្តែត្រូវបាន FIFA ច្រានចោល។
ទីភ្នាក់ងារសារព័ត៌មាន CNN របស់សហរដ្ឋអាមេរិក នៅថ្ងៃទី១៦ ខែធ្នូ បានដកស្រង់ប្រភពមួយថា ការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានស្នើឱ្យបង្ហាញមុខតាមវីដេអូ និងផ្ញើសារសន្តិភាពពិភពលោកទៅកាន់អ្នកគាំទ្រ ក្នុងការប្រកួតចុងក្រោយនៅកីឡដ្ឋាន Lusail ប្រទេសកាតានៅថ្ងៃទី១៨ ខែធ្នូ។ វាមិនច្បាស់ទេថាតើលោក Zelensky ចង់និយាយផ្ទាល់ ឬប្រើវីដេអូដែលបានថតទុកជាមុន។
យោងតាមប្រភពដដែល ការិយាល័យប្រធានាធិបតីអ៊ុយក្រែន មានការភ្ញាក់ផ្អើលចំពោះ “ការឆ្លើយតបអវិជ្ជមាន” ពី FIFA ។ ប្រភពបាននិយាយថា “យើងគិតថា FIFA ចង់ប្រើវេទិការបស់ពួកគេសម្រាប់ការល្អជាងនេះ ប៉ុន្តែបានបន្ថែមថាការចរចាររវាងអ៊ុយក្រែន និង FIFA នៅតែកំពុងបន្ត។”
FIFA មិនទាន់បានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយរបស់ CNN ទេ៕