Andres Iniesta ទៅលេងជាមួយក្លឹបជប៉ុន Vissel Kobe ជាផ្លូវការ!
យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុនជាច្រើន បានឲ្យដឹងនៅមុននេះថា ខ្សែបម្រើក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ និងជាអតីតកីឡាកររបស់ក្រុម Barcelona គឺ Andres Iniesta បានទៅដល់ប្រទេសជប៉ុន នៅថ្ងៃពុធនេះ ដើម្បីចូលរួមលេងជាមួយក្លឹបជប៉ុន ក្នុងក្របខណ្ឌ J.League គឺក្លឹប Vissel Kobe។ តាមការរំពឹងទុក កីឡាករវ័យ ៣៤ឆ្នាំរូបនេះ នឹងអាចបង្ហាញខ្លួនឲ្យក្រុម Vissel Kobe ប្រកួតជាមួយក្រុម Shonan Bellmare នៅកីឡដ្ឋាន Noevir Stadium Kobe ក្នុងទីក្រុង Hyogo Ward, Kobe នៅថ្ងៃអាទិត្យខាងមុខនេះ។
Andres Iniesta ដែលទើបបង្ហាញខ្លួនឲ្យជម្រើសជាតិអេស្ប៉ាញក្នុងការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក World Cup 2018 នៅរុស្ស៊ី បាននិយាយថា៖ «ខ្ញុំកំពុងតែសម្លឹងរកការប្រកួតប្រជែងថ្មីមួយ។ ខ្ញុំចង់ចាប់ផ្តើមលេងឲ្យបានកាន់តែឆាប់តាមតែអាចធ្វើបាន។»
នៅព្រលានយន្តហោះ Kansai ក្នុងទីក្រុង Osaka កីឡាករដែលជាអតីតខ្សែបម្រើយ៉ាងសំខាន់របស់ Barcelona ត្រូវបានទទួលស្វាគមន៍ដោយអ្នកគាំទ្រប្រមាណ ៣០០នាក់។ Iniesta បានសម្តែងទឹកមុខសប្បាយរីករាយជាមួយអ្នកគាំទ្រជនជាតិជប៉ុន រួមទាំងបានចុះហត្ថលេខា និងថតរូបជាមួយពួកគេផងដែរ។ អ្នកគាំទ្រជប៉ុន បាននិយាយថា Iniesta បានសម្តែងការខ្វល់ខ្វាយជាមួយអ្នកគាំទ្រ ហើយគេរំពឹងថា គាត់នឹងបង្ហាញទម្រង់លេងយ៉ាងល្អ សម្រាប់ក្មេងជំនាន់ក្រោយ ដែលចង់ក្លាយខ្លួនជាកីឡាករបាល់ទាត់អាជីពដូចរូបគាត់។
គួរជម្រាបជូនថា Andres Iniesta បានចុះកុងត្រាលេងជាមួយក្លឹបនៅជប៉ុន ក្នុងតំលៃខ្លួនប្រចាំឆ្នាំ ៣០លានដុល្លារ បូករួមនឹងទឹកប្រាក់ជាច្រើនផ្សេងទៀត។ ការចុះកុងត្រានាំយក Iniesta មកពេលនេះ ត្រូវបានគេរំពឹងថា ជាការពង្រឹងក្របខណ្ឌ J-League ឲ្យកាន់តែរឹងមាំ៕