ប្រទេសមួយមានផ្ទៃដី៥៣គីឡូម៉ែត្រឈ្នះបានមេដាយមាស១នៅអូឡាំពិក
ដោយបានបញ្ជូនអត្តពលិកត្រឹម២នាក់ចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍អូឡាំពិក ២០២០ ប្រទេស Bermuda នៅតែអាចដណ្ដើមបានមេដាយមាសមួយគ្រឿងពីកីឡាទ្រីអាត្លុង ដោយកីឡាការិនី Flora Duffy។
កាលថ្ងៃទី២៧ ខែកក្កដា នាង Flora Duffy វ័យ៣៣ឆ្នាំ បាននាំយកជ័យជម្នះដល់ក្រុមជម្រើសជាតិ Bermuda។ ប្រទេសនេះស្ថិតនៅប៉ែកមហាសមុទ្រអាត្លង់តិចភាគខាងជើង មានផ្ទៃដីតែ៥៣,២គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។ ចំណែកប្រជាជនវិញមានតែខ្ទង់៧ម៉ឺននាក់ប៉ុណ្ណោះ និងស្ថិតជាផ្នែកមួយនៃចក្រភពអង់គ្លេស។
Duffy ជាកីឡាការិនីម្នាក់ក្នុងចំណោមអត្តពលិក២នាក់របស់ Bermuda ដែលបានចូលរួមព្រឹត្តិការណ៍អូឡាំពិក ដោយម្នាក់ទៀត គឺ កីឡាករ Dara Alizadeh ជាបេក្ខជនទូកក្ដោង។
Duffy បានឈ្នះមេដាយមាសដោយប្រើពេលសរុប ១ម៉ោង ៥៥នាទី និង៣៦វិនាទីលើការហែលទឹក១គីឡូកន្លះ, ជិះកង់៤០គីឡូម៉ែត្រ និងរត់១០គីឡូម៉ែត្រ។
ជ័យជម្នះនេះពិតជាមានន័យធំធេង ព្រោះនាងធ្លាប់មានបញ្ហារបួសច្រើន ដោយថ្មីៗនេះមានបញ្ហារលាកជង្គង់កាល ខែវិច្ឆិកា ឆ្នាំ២០២០។ នាងបានចូលរួមអូឡាំពិក៤ដងមកហើយ តែមានតែលើកនេះទេដែលបានបញ្ចប់ដោយស្នាមញញឹម។
ឪពុកម្ដាយរបស់ Duffy កើតឡើងនៅអង់គ្លេស តែនាងកើត និងធំធាត់នៅ Bermuda៕