លើកពាន Euro ជាមួយអ៊ីតាលីហើយ Verratti ការប្រពន្ធថ្មីភ្លែត
ក្រោយរួមចំណែកឈ្នះជើងឯក UEFA Euro 2020 ជាមួយអ៊ីតាលី Marco Verratti បានរៀបចំពិធីមង្គលការជាមួយមិត្តស្រីដែលជានារីម៉ូដែលយ៉ាងស្រស់ស្អាត។
ពិធីជោគពិធីជ័យនេះប្រារព្ធឡើងនៅក្រុងប៉ារីស ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ពោលតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយអបអរជ័យជម្នះ Euro។
នាង Jessica Aidi ជាភរិយាទី២របស់កីឡាករក្លិប Paris Saint Germain រូបនេះ ហើយនាងបង្ហាញមុខជាមួយ Verrattti ពេលទស្សនាការប្រណាំង Formula One កម្មវិធី Monaco Grand Prix កាលឆ្នាំ២០១៩។ ប៉ុន្មានខែក្រោយមក Verratti បានប្រកាសលែងលះគ្នាជាមួយភរិយារបស់គេ គឺនាង Laura Zazzara។
ក្នុងនាមជាភរិយាទី២ នាង Jessica ក៏មិនអល់អែកក្នុងការមើលថែកូនៗ២នាក់របស់ Verratti ដែរ។ នាងកើតឆ្នាំ១៩៩២ និងជាម៉ូដែលអាជីពមួយរូប។ ទំព័របណ្ដាញសង្គមរបស់នាងមានអ្នកតាមដានដល់ទៅជាង៣០ម៉ឺននាក់។
បន្ទាប់ពីចប់ Euro 2020 ខ្សែបម្រើ Verratti កំពុងសម្លឹងឆ្ពោះទៅពានរង្វាន់ UEFA Nations League ជាមួយអ៊ីតាលីថែមទៀតដែលពួកគេត្រូវជួបអេស្ប៉ាញនៅថ្ងៃទី០៧ ខែតុលា៕