Roy Keane ឌឺ Arsenal ថា ពាក់អាវដូច Real តែលេងដូចក្រុមបាយបាន
Arsenal បានជ្រុះចេញពីពានរង្វាន់ FA Cup ត្រឹមជុំទី៣ប៉ុណ្ណោះ ក្រោយចាញ់ Nottingham Forest ដោយលទ្ធផល ១ទល់នឹង០ ក្នុងការប្រកួតនៅថ្ងៃអាទិត្យ ទី០៩ ខែមករា ឆ្នាំ២០២២។
Ryan Yates បាន cross បាល់ឲ្យ Lewis Grabban ទាត់បញ្ចូលទីយ៉ាងល្អក្នុងនាទី៨៣។ Nottingham នឹងឡើងទៅប៉ះ Leicester City ក្នុងជុំទី៤ជាបន្ត។
ក្នុងការប្រកួតនេះដែរ ក្រុមកាំភ្លើងធំបានប្រើប្រាស់ឯកសណ្ឋានពណ៌សសុទ្ធក្នុងន័យចូលរួមយុទ្ធនាការប្រឆាំងឃាតកម្មដោយចាក់សម្លាប់នាពេលថ្មីៗនេះ។
ទាក់ទងទៅនឹងការប្រើឯកសណ្ឋានសសុទ្ធនេះ លោក Roy Keane អតីតប្រធានក្រុម Manchester United និងជាអ្នកវិភាគបានឌឺដងថា ក្រុមលោក Arteta ស្លៀកពាក់ខោអាវពណ៌ដូច Real Madrid អ៊ីចឹង តែចំពោះការលេងវិញមិនខុសអីពីក្រុមបាយបានទេ។
អតីតកីឡាករជម្រើសជាតិអៀរឡង់សង្កត់ធ្ងន់ថា Arsenal មានកីឡាករវ័យក្មេងល្អៗ តែលេងខ្សោយ ជាពិសេសពេលប៉ះក្រុមធំៗ៕