អាហ្សង់ទីន ពិចារណាមិនកោះហៅ Lionel Messi សម្រាប់ការប្រកួតជម្រុះ World Cup នាពេលខាងមុខ
ក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវបានគេរាយការណ៍ថា ទំនងជានឹងមិនកោះហៅកីឡាករខ្សែប្រយុទ្ធ Lionel Messi ឲ្យចូលរួមជាមួយក្រុមឡើយសម្រាប់ការប្រកួតជម្រុះ World Cup ដែលនៅសេសល់។
យ៉ាងណាក្តី គ្រូបង្គោលលោក Lionel Scaloni ទំនងជានឹងមិនកោះហៅ Messi ឲ្យជួយក្រុមឡើយដោយលោកគិតថា រូបគេគួរតែទទួលបានការសម្រាកឲ្យបានច្រើនពីព្រោះកាលវិភាគរបស់គេជាមួយ Paris Saint Germain កំពុងមានភាពមមាញឹកខ្លាំង ខណៈ អាហ្សង់ទីនទោះចាញ់ការប្រកួតក៏មិនប៉ះពាល់ដល់កៅអីទៅលេង World Cup នាប្រទេសកាតាឆ្នាំនេះដែរព្រោះក្រុមដណ្តើមបានកៅអីទៅលេងជុំផ្តាច់ព្រ័ត្ររួចរាល់ទៅហើយ។
ជាការពិតណាស់ អាហ្សង់ទីន ត្រូវធ្វើការប្រកួតជម្រុះ World Cup ចំនួនពីរប្រកួតនៅថ្ងៃទី២៨ ខែមករា ដោយត្រូវប៉ះជាមួយក្រុមជម្រើសជាតិឈីលី និង ថ្ងៃទី២ ខែ កុម្ភៈ ត្រូវបន្តជួបជាមួយ ក្រុមជម្រើសជាតិកូឡុំប៊ី ដែលសុទ្ធសឹងតែជាក្រុមខ្លាំង។
សូមបញ្ចាក់ថា តំបន់អាមេរិកខាងត្បូង បានទទួលកូតាកៅអីស្វ័យប្រវត្តិទៅជុំផ្តាច់ព្រ័ត្រ FIFA World Cup ចំនួន៤កៅអី និង១កៅអីទៀតត្រូវទៅលេងវគ្គ Play-Off អន្តរទ្វីបដើម្បីយកកៅអីទៅជុំបន្ត។ ចំពោះក្រុមពពកសអាហ្សង់ទីនបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ២មាន២៩ពិន្ទុ ពីក្រោមក្រុមកំពូលតារាងប្រេស៊ីលចំនួន៦ពិន្ទុ និងច្រើនជាងក្រុមប៉េរូនៅលេខ៥ ដែលត្រូវទៅលេង Play-Off ដល់ទៅ១២ពិន្ទុឯណោះ ហើយអាហ្សង់ទីនក៏លេងយឺតជាងគេ១ប្រកួតទៀត៕
អត្ដបទ៖ Monsoon