ផ្លូវការ ! អ៊ុក សុធី ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លិប សូលទីឡូអង្គរ
ក្លិបបាល់ទាត់ សូលទីឡូអង្គរ បានប្រកាសជាផ្លូវការក្នុងការតែងតាំងលោក អ៊ុក សុធី ជាគ្រូបង្វឹកថ្មីរបស់ក្លិប ជំនួសតំណែងលោក Charlie ដែលត្រូវបានប្រកាសចែកផ្លូវគ្នាជាមួយក្លិបដែលមានមូលដ្ឋាននាខេត្ត សៀមរាប នេះកាលពីពេលថ្មីៗកន្លងទៅនេះ ។
អតីតកីឡាករបាល់ទាត់ក្លិប ភ្នំពេញក្រោន រូបធ្លាប់កាន់ការងារផ្នែកបង្វឹកយុវជននៅក្លិប ភ្នំពេញក្រោន បន្ទាប់ពីប្រកាសចូលនិវិត្តន៍ពីកីឡាករអាជីព ហើយក្នុងឆ្នាំ ២០២១ នេះត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា ប្រកាសតែងតាំងជាគ្រូជំនួសក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ដែលទើបវិលមកពីប្រកួតក្នុងព្រឹត្តិការណ៍ជម្រុះ World Cup នាប្រទេស បារ៉ែន ផងដែរ ។
ការចូលកាន់តំណែងនេះលោក អ៊ុក សុធី ត្រូវរ៉ាប់រងដឹកនាំក្រុម សូទីឡូអង្គរ ក្នុងការប្រកួតលីគកំពូលកម្ពុជាដែលក្លិបនេះកំពុងធ្លាក់យ៉ាងខ្លាំង ដោយឆ្លងកាត់ការប្រកួត៥ប្រកួតកន្លងមិនទាន់ស្គាល់ពាក្យថា ឈ្នះ រឺ ស្មើ នោះទេ ពោលគឺចាញ់ទាំងអស់សម្រាប់ការដឹកនាំរបស់លោក Charlie មុនចាកចេញ ។