មកស្គាល់កីឡាករទាំង៦រូប ដែលបិសាចក្រហម Man UTD ដាក់គោលដៅទិញយកនៅរដូវកាលក្រោយ
ចាប់តាំងពីក្រុមបិសាចក្រហម Manchester United បានទិញយកកីឡាករខ្សែបម្រើប្រយុទ្ធ Bruno Fernandes ពីក្រុម Sporting របស់លីគពុទុយហ្គាល កាលពីខែមករាកន្លកមកនេះ ទម្រង់លេងរបស់ក្រុមបិសាចហាក់បីដូចជាមានការប្រែប្រួលច្រើន ពិសេសប្រព័ន្ធប្រយុទ្ធនៅខាងលើមានសាច់បាល់លេង និង ស្វែងរកឪកាសស៊ុតបានច្រើនជាងមុន។ ដោយឡែកលោក ole gunnar solskjaer ដែលជាអ្នកចាត់ការក្រុមបិសាចក្រហម Man utd ក៏នៅមានមហិច្ឆតាជាច្រើនទៀត ក្នុងការនាំយកកីឡាករខ្លាំងៗមកពង្រឹងក្លឹបនារដូវកាលក្រោយ។ ថ្ងៃនេះ MSR SPORT សូមលើកយកកីឡាករ៦រូប ដែលត្រូវបានសារព័ត៌មានបរទេសបានចុះផ្សាយបាក់ទឹក បាក់ដី ថាពួកគេគឺជាគោលដៅរបស់ក្រុម Manchester United នារដូវកាលក្រោយនេះ។
ទី១ កីឡាករ Jadon Sancho៖ កីឡាករដែលកំពុងតែលេងនៅក្លឹប Borussia Dortmund រូបនេះត្រូវបានសារព័ត៏បរទេសជាច្រើនសរសេរថា បិសាចក្រហម MANCHESTER UNITED នឹងត្រូវចំណាយ ១២២ លានផោនដើម្បីទិញតារាឆ្នើម Jadon Sancho នៅរដូវកាលក្រោយ ស្របពេលដែលការសែត The Sun បានចុះផ្សាយថា អតីតយុវជនរបស់ Man City រូបនេះមានបំណងចង់ចាកចេញពី Dortmund។

Jadon Sancho
ទី២ កីឡាករខ្សែការពារ Kalidou Koulibaly៖ កីឡាកររូបនេះគឺជាខ្សែការពារដ៏ល្អរបស់ក្រុមបាល់ទាត់ Napoli ហើយក៏ត្រូវបាន Man Utd ចាប់អារម្មណ៍ចង់បានតាំងពីរដូវកាលមុនមកម្លេះ តែដោយសារមានការទាមទារច្រើនពេកពីក្លឹប ទើបបិសាចក្រហមទម្លាក់ដៃចោលសិន តែក្លឹបនៅតែចិញ្ចឹមចិត្តចង់បានខ្សែការពារសញ្ជាតិបារាំងរូបនេះមកកាន់ទឹកដី Old Trafford ដ៏ដែរ ស្របពេលដែលម្ចាស់ក្លឹប Napoli បានដាក់លក់កីឡាកររូបនេះក្នុងតម្លៃជាង១០០លានផោនកាលពីរដូវកាលមុន។

Kalidou Koulibaly
ទី៣ កីឡាករខ្សែបម្រើប្រយុទ្ធ James Maddison៖ កីឡាកររបស់ក្លឹប Leicester City រូបនេះក៏លោក solskjaer ចង់បានមកកាន់ទឹកដី Old Trafford កាលពីខែមករាមកម្លេះ តែដោយសារក្លឹបរបស់គេបានបដិសេធមិនព្រមលក់ ខណៈក្លឹបមានបំណងចង់ឲ្យ Maddison បន្តកុងត្រាថ្មីជាក្លឹបបន្តទៀត តែអ្នកចាត់ការក្រុមបិសាចក្រហម នៅតែចិញ្ចឹមចិត្តចង់បានកីឡាករសញ្ជាតិអង់គ្លេសរូបនេះមកកាន់ទឹកដី Old Trafford ដដែរ។

James Maddison
ទី៤ កីឡាករ Jack Grealish៖ កីឡាករខ្សែបម្រើប្រយុទ្ធរបស់ Aston villa រូបនេះក៏ជាគោលដៅជាមួយគ្នានិង Maddison ស្របពេលកីឡាករសញ្ជាតិអង់គ្លេសរូបនេះបានបង្ហាញទម្រង់ប្រកួតបានយ៉ាងល្អនៅក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស ខណៈដែរកីឡាកររូបនេះក៏មានបំណងចង់មកកាន់ទឹកដី Old Trafford ហើយបានស្នើសុំប្រាក់ប្រចាំសប្តាហ៍ចំនួន១៥ម៉ឺនផោនជាថ្នូរនឹងការចាកចេញពីក្លឹប។

Jack Grealish
ទី៥ កីឡាករ Corentin Tolisso៖ កាលពីខែមករាកន្លងទៅ Manchester united បានបរាជ័យម្តងហើយក្នុងការសុំខ្ចីជើងកីឡាករបារាំងរូបនេះពីក្លឹប Bayern Munich ស្របពេលដែលក្លឹបនៅអាឡឺម៉ងមួយនេះទើបតែទិញ Tolisso ពី Lyon ក្នុងតម្លៃ ៤១.៥ លានផោន ក្នុងរដូវកាល២០១៨/២០១៩។ កីឡាករវ័យ២៥រូបនេះមិនសូវបានចូលប្រកួតអោយក្លឹបប៉ុន្មាននោះទេ ដោយសារតែបញ្ហារបួស ហើយនៅរដូវកាលថ្មីនេះ រូបគេក៏មិនសូវសប្បាយចិត្តជាមួយនិងអ្នកចាត់ការក្រុម ដែលតែងតែឲ្យរូបគេឋិតនៅកៅអីបម្រុងច្រើន ដូច្នេះ Bayern ក៏ចង់សារ៉េកីឡាកររូបនេះចេញនៅរដូវកាលក្រោយនេះផងដែរ ប្រសិនបើអាចរកអ្នកថ្មីមកជំនួសបាន។

Corentin Tolisso
ទី៦ កីឡាករ Federico Chiesa គឺជាកីឡាករលេងនៅតួនាទីស្លាបរបស់ក្រុម Fiorentina ហើយកីឡាកររូបនេះក៏ត្រូវបានលោក solskjaer បានបញ្ជូន Scout អោយទៅតាមដានផ្ទាល់ដល់ទឹកដីអ៊ីតាលី។ កីឡាករសញ្ជាតិអ៊ីតាលីវ័យ២២ឆ្នាំរូបនេះ ត្រូវបានលោក Simon Wells បាយរាយការណ៍ត្រឡប់មកកាន់ solskjaer វិញថា អ្វីៗបានល្អប្រសើរហើយ ខណៈដែលកីឡាកររូបនេះចាប់ផ្តើមរៀនភាសាអង់គ្លេស៕

Federico Chiesa