កីឡាករU18អ៊ីតាលីម្នាក់ឈប់លេងទៅរៀនបន្តនៅសាកលវិទ្យាល័យល្បីមួយនៅអាមេរិក
កីឡាករបាល់ទាត់ Alessandro Arlotti ដែលបានបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិអ៊ីតាលីអាយុក្រោម១៧ឆ្នាំ ក្នុងព្រឹត្តិការណ៍ FIFA World Cup U17 បានសម្រេចចិត្តចាកចេញពីអាជីពបាល់ទាត់ទាំងវ័យក្មេង។
ការបោះបង់កីឡាលើវាលស្មៅនេះមិនមែនជារឿងខ្វះពិចារណាល្អិតល្អន់ដែរ ពោលកើតឡើងដោយសារតែគេទទួលបានអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ Harvard ដែលជាគ្រឹះស្ថានអប់រំដ៏ល្បីល្បាញមិនតែនៅក្នុងអាមេរិកទេ ថែមទាំងលើពិភពលោកដែរ។
ដុះដាលចេញពីថ្នាលក្លិប AS Monaco យុវជនវ័យ១៧ឆ្នាំមានតួនាទីជាខ្សែបម្រើស្លាប។ គេទទួលបានអាវលេខ៩ក្នុងក្រុមជម្រើសជាតិអ៊ីតាលី U17 នៅ World Cup 2019។ យ៉ាងណា គេមិនសូវបានលេងប៉ុន្មានទេក្នុងព្រឹត្តិការណ៍ដែលអ៊ីតាលី U17 ឡើងដល់វគ្គ៨ក្រុម។
ដើមរដូវកាលនេះ Arlotti បានចេញពីថ្នាល Monaco ទៅលេងនៅក្លិប Pescara ក្របខណ្ឌ Serie B របស់អ៊ីតាលី ដោយរំពឹងថា អាចជួយក្រុមធ្វើបានល្អ តែមិនបានបង្ហាញខ្លួនឡើយសូម្បីមួយប្រកួត។
Arlotti នឹងបន្តលេងបាល់ទាត់ពេលទៅដល់អាមេរិកតែក្នុងនាមក្រុមតំណាងសាកលវិទ្យាល័យ៕