Santi Cazorla និយាយថា Xavi នឹងទៅដឹកនាំ FC Barcelona
(BC-99)
តារាឆ្នើម Santi Cazorla របស់ក្រុម Al Sadd ជឿជាក់ថាគ្រូបង្វឹកក្លិបរបស់ខ្លួនគឺលោក Xavi Hernandez នឹងទៅដឹកនាំក្រុម Barcelona នាពេលខាងមុខ។
Cazorla សារភាពថាមានពាក្យចចាមអារាមឥតឈប់ឈរពេញប្រទេសកាតាអំពីការចាកចេញរបស់ Xavi ពី Al Sadd ទៅដឹកនាំក្រុមដែលមានរហស្សនាម Blaugrana នៅពេលណាមួយខាងមុខនេះ។
អតីតកីឡាកររបស់កាំភ្លើងធំ Arsenal រូបនេះបាននិយាយប្រាប់សារព័ត៌មាន RAC1 ថា “នៅទីនេះមានពាក្យចចាមអារាមគ្រប់ៗមាត់ជុំវិញលោក Xavi នាអំឡុងពេលបោះឆ្នោតជ្រើសរើសប្រធានសម្ព័ន្ធ Al Sadd ជាថ្មីប៉ុន្តែគាត់មានភាពស្ងប់ស្ងាត់អំពីរឿងនេះ។ វាច្បាស់ណាស់ថាក្តីសុបិន្តរបស់គាត់គឺធ្វើជាគ្រូបង្វឹករបស់ Barça។ គាត់មិនបានលាក់បាំងទេ គាត់នឹងក្លាយទៅជាអ្វីដែលគាត់ចង់ គ្រាន់តែថាខ្ញុំមិនដឹងថាវានឹងកើតឡើងនៅថ្ងៃស្អែកឬ ៥ ឆ្នាំទៀតតែប៉ុណ្ណោះ”។
គួរបញ្ជាក់ថា Xavi Hernandez បានចាប់អាជីពជាអ្នកទាត់បាល់នៅថ្នាលបណ្តុះបណ្តាលរបស់ FC Barcelona នៅឆ្នាំ ១៩៩៧ នឹងបានចូលលេងឈុតធំនៅឆ្នាំ ១៩៩៨។ លោកបានចាកចេញពីក្លិបនេះមកចូលរួមជាមួយ AL Saad ក្រោយពីចំណាយពេល៧ឆ្នាំនៅទឹកដី Camp Nou។ លោកក៏បន្តធ្វើជាគ្រូរបស់ Al Saad នៅឆ្នាំ ២០១៩ បន្ទាប់ពីធ្វើជាកីឡាករឱ្យក្លិបនៅកាតានេះអស់រយៈពេល៤ឆ្នាំ។