គ្រូ Leicester ពិតជាសមធ្លាក់ពី Europa League
លោក Brendan Rodgers អ្នកចាត់ការ Leicester City និយាយថា Slavia Prague លេងបានយ៉ាងល្អ និងសមឡើងដល់វគ្គ១៦ក្រុម Europa League ខណៈក្រុមខ្លួនក៏សមជ្រុះចេញពីពានធំទី២ប្រចាំអឺរ៉ុបនេះ។
“យើងចាញ់ក្រុមដែលលេងល្អជាង។ ខ្ញុំទទួលខុសត្រូវចំពោះក្រុម។ ខ្ញុំបានជ្រើសរើសក្រុមមួយដែលខ្ញុំគិតថា អាចឈ្នះ។”នេះជាការលើកឡើងរបស់អ្នកចាត់ការជនជាតិអៀរឡង់ក្រោយចាញ់ Slavia Prague ០ទល់នឹង២ ជើងទី២ វគ្គ៣២ក្រុម Europa League នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ។ កាលជើងទីមួយ នៅប្រទេសឆេក ក្រុមទាំង២ស្មើគ្នា០ទល់នឹង០។
អតីតអ្នកចាត់ការ Liverpool បន្ថែមថា “៖ Leicester ធ្វើមិនបានល្អក្នុងការប្រកួតទាំងពីរ។ ក្រុមការពារមិនបានល្អធ្វើឲ្យរបូតដល់ទៅពីរគ្រាប់យ៉ាងខកចិត្ត។”
Jamie Vardy និង Youri Tielemans ទាំងពីរត្រូវបានបញ្ចូលក្នុងតំបន់ប្រយុទ្ធជួរមុខ ខណៈ Harvey Barnes បានចូលលេងជាកីឡាករបម្រុង។ ទោះបីជាគ្រប់គ្រងបាល់បាន ៦២% និងស៊ុតចំគោលដៅ ១១ ដង ក៏ Leicester នៅតែមិនអាចរកគ្រាប់បាល់បាន។
Vardy ថ្លែងបែបនេះ “៖ខ្ញុំមិនចង់មានលេសច្រើនទេ។ កីឡាករពីរបីនាក់មិនមានវត្តមាននៅថ្ងៃនេះទេ។ ខ្ញុំនៅតែសង្ឃឹមថា Leicester នឹងធ្វើបានល្អប្រសើរនាពេលអនាគត។ ប្រាកដណាស់កីឡាករនឹងទទួលបានបទពិសោធ។ យើងខកចិត្តក្នុងការធ្លាក់នេះ តែថា មកពីយើងលេងមិនបានល្អគ្រប់គ្រាន់ទេ។ សូមសំណាងល្អចំពោះ Slavia Prague នៅជុំបន្ទាប់។”
លោក Rodgers ធ្លាក់ពីវគ្គ៣២ក្រុម Europa League ៥ដងហើយ ដែលមុនដឹកនាំ Leicester លោកបានធ្លាក់ជាមួយ Liverpool រដូវកាល២០១៣/២០១៤ និង២០១៤/២០១៥។ ពីរទៀតជាមួយ Celtic រដូវកាល២០១៧/២០១៨ និង២០១៨/២០១៩។ យ៉ាងណា ក្នុងការប្រកួត Premier League ពួកគេធ្វើបានយ៉ាងល្អ ដោយកំពុងឈរលេខ៣ មាន៤៩ពិន្ទុស្មើក្រុមលេខ២ Manchester United៕