Tottenham Spurs បើកភ្លើងខៀវឱ្យខ្សែប្រយុទ្ធ Harry Kane ចាកចេញពីក្លឹបក្នុងតម្លៃខ្លួនមហាសាល
Tottenham Hotspurs ត្រូវបានកាសែត Dailymail ចុះផ្សាយមកថា បានបើកភ្លើងខៀវអនុញ្ញាតឱ្យខ្សែប្រយុទ្ធ Harry Kane ចាកចេញពីក្លឹប ប៉ុន្តែនៅក្នុងតម្លៃខ្លួនដ៏មហាសាលនៅរដូវក្តៅខាងមុខនេះ។
ប្រភពដដែលខាងលើបានបន្ថែមទៀត ក្រុមរហស្សនាមមាន់ខ្នាយមាសបានសម្រេចចិត្តបែបនេះគឺដោយសារតែសមាជិកក្រុមតោកំណាចអង់គ្លេសបាននិយាយថា រូបគេអាចនឹងចាកចេញពីក្លឹបនៅពេលខាងមុខ ប្រសិនបើក្លឹបនៅតែមិនអាចឈ្នះពានបាន ព្រោះគេជាកីឡាករដែលមានមហិច្ឆតាខ្ពស់ជាងនេះ។
ក្រោយពីបានដឹងរឿងនេះហើយ ប្រធានក្លឹប Daniel Levy មានការខឹងសម្បារយ៉ាងខ្លាំងចំពោះការបញ្ចេញមតិបែបនេះ ដោយបុរសជំនួញវ័យ៥៨ឆ្នាំបានយល់ព្រមសម្រេចចិត្តដាក់លក់ម្ចាស់ស្បែកជើងមាស Premier League ២សម័យនេះនៅទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះក្នុងតម្លៃ២០០លានផោនឯណោះ។ ដោយឡែកក្លឹបដែលត្រូវគេរាយការណ៍ថាចង់បាន Harry Kane គឺមានដូចជា Manchester United, Manchester City និង Real Madrid ជាដើម។
គួរឱ្យដឹងថា អតីតយុវជនក្រុមកាំភ្លើងធំ Arsenal កំពុងតែហ្វឹកហាត់និងសម្រាកព្យាបាលរបួស បន្ទាប់ពីអវត្តមាននៅទីលានជាង៣ខែមកហើយដោយសាររបួសសរសៃពួរកាលពីខែមករា។