ពានគ្រូបង្វឹក នឹងកីឡាករល្អប្រចាំខែ មីនា បានមកលើសមាជិកក្លិប ព្រះខ័នរាជស្វាយរៀង
ពិធីប្រគល់ពានរង្វាន់ គ្រូបង្វឹក និង កីឡាករ ល្អជាងគេ ប្រចាំខែមីនា ឆ្នាំ២០២០នេះ ក្នុងពានរង្វាន់ Metfone Cambodian League 2020 ដោយលោក ឈី កុលបុត្រា (លេខាធិការប្រតិបត្តិ ទទួលដឹកនាំលេខាធិការដ្ឋាន) នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា – CNCC បានប្រគល់ពានជូនលោកគ្រូ Nestor Conor Laurence (Conor Nestor) និង កីឡាករ សារ៉េត គ្រីយ៉ា របស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង កាលពីព្រឹកមិញនេះ។
គិតត្រឹមការប្រកួតបាន ៥ សប្តាហ៍កន្លងទៅនេះ ក្រុមការពារជើងឯកខាងលើកំពុងឈរនៅចំណាត់ថ្នាក់លេខ២ ដោយបានឆ្លងកាត់ ៥ ប្រកួត ក្នុងនោះឈ្នះ ៤ ដង ស្មើម្តង នឹងមិនដែលចាញ់ មានពិន្ទុស្មើគ្នាជាមួយក្រុមកំពូលតារាង ភ្នំពេញក្រោន ពោលគឺមាន ១៣ ពិន្ទុក្នុងដៃ ដោយចាញ់ក្រុមលេខ១ ត្រឹមតែគ្រាប់បាល់ប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់ខាងលើនេះត្រូវបានធ្វើឡើងជារៀងរាល់ខែ សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ក្រៅពីពាននេះក៏នៅមានពានកីឡាករល្អប្រចាំសប្តាហ៍ផងដែរ ខណៈការប្រកួតនាសប្តាហ៍ទី៦ ត្រូវបានពន្យាពេលមិនទាន់មានការកំណត់ថ្ងៃវិលមកវិញ ដោយសារបញ្ហាជំងឺកូវីដ-១៩ កំពុងរីករាលដាលទូទាំងសកលលោក ស្របពេលដែលព្រះរាជជាណាចក្រកម្ពុជាក៏កំពុងកើតមានផងដែរ៕