ក្របខ័ណ្ឌ Serie A គ្រោងត្រឡប់មកវិញនៅខែឧសភាខាងមុខនេះ ប៉ុន្តែបិទមិនឱ្យអ្នកគាំទ្រចូលមើលដល់ឆ្នាំ២០២១
ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Serie A រដូវកាលនេះគ្រោងត្រឡប់មកវិញនៅខែឧសភាខាងមុខដើម្បីឱ្យចប់ចុងចប់ដើម ប៉ុន្តែនឹងត្រូវលេងដោយកីឡដ្ឋានបិទទ្វារមិនឱ្យអ្នកគាំទ្រចូលមើលរហូតដល់ឆ្នាំ២០២១ ដើម្បីបង្ការការឆ្លងវីរុសកូវីដ១៩នៅប្រទេសអ៊ីតាលី។
ក្របខ័ណ្ឌបាល់ទាត់អ៊ីតាលីខាងលើនេះបានប្រកាសផ្អាកជាបណ្តោះអាសន្នរហូតដល់ខែមេសាដោយសារតែកំណើនអ្នកឆ្លងវីរុសបានកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលមានកីឡាករនិងបុគ្គលល្បីៗជាច្រើនក្នុងវិស័យបាល់ទាត់ក៏បានឆ្លងហើយកំពុងសម្រាកព្យាបាលជាបន្តបន្ទាប់ផងដែរ។
ដោយឡែក ប្រធានសហព័ន្ធបាល់ទាត់អ៉ីតាលី លោក Gabriele Gravina បាននិយាយថា ក្របខ័ណ្ឌ Serie A គ្រោងនឹងធ្វើការកាត់ប្រាក់ប្រចាំខែរបស់កីឡាករ ដោយសារតែការប្រកួតទាំងអស់ត្រូវបានលើកថ្ងៃ ដែលនាំឱ្យប្រាក់ចំណូលរបស់លីគមានបញ្ហាផងដែរ។
គួរឱ្យដឹងថា គិតត្រឹមពេលនេះនៅប្រទេសអ៊ីតាលីមានករណីឆ្លងវីរុសកូវីដ១៩ចំនួន១សែន៥ម៉ឺន៩ពាន់ករណីហើយ ដោយមានអ្នកបាត់បង់ជីវិតជាង២ម៉ឺននាក់ទៅហើយ។