Arsenal ត្រៀមបញ្ចេញ Pierre-Emerick Aubameyang ឱ្យក្លឹបជើងឯក Asian Cup មួយនៅខែមករានេះ
យោងតាមសារព័ត៌មាន Sky Sports បានចុះផ្សាយឱ្យដឹងថា Arsenal នឹងត្រៀមបញ្ចេញខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ឱ្យក្លឹប Al Nassr នៅក្របខ័ណ្ឌកំពូលអារ៉ាប៊ីសាអូឌីតខ្ចីជើងរហូតដល់ចប់រដូវកាលនេះ។
ក្លឹបជើងឯក Asian Cup ១សម័យបានដាក់សំណើរមកកាន់ទឹកដី Emirate ជាផ្លូវការដើម្បីខ្ចីជើងប្រធានក្រុមជម្រើសជាតិហ្គាបុងរយៈពេល៦ខែដោយចងភ្ជាប់ជាមួយនឹងលក្ខខ័ណ្ឌទិញផ្តាច់តែម្តងក្រោយបញ្ចប់រដូវកាលនេះ។
គួរឱ្យដឹងថា អតីតសមាជិក Borussia Dortmund បានអវត្តមាននៅលើទីលានសម្រាប់ក្រុមរបស់លោក Mikel Arteta ចាប់តាំងពីខែធ្នូមកម្ល៉េះ ដោយសារតែបំពានច្បាប់របស់ក្លឹបក្នុងនាមជាប្រធានក្រុម។
យ៉ាងណាក្តីយោងតាមប្រភពខាងលើបានបន្ថែមទៀតថា កីឡាករវ័យ៣២ឆ្នាំនៅសល់កុងត្រារយៈពេលឆ្នាំទៀតជាមួយកាំភ្លើងធំ ខណៈដែលតម្លៃខ្លួនរបស់គេនៅក្នុងទីផ្សារដោះដូរកីឡាករគឺចំនួន២៥លានផោន។