Neymar យំឱបកីឡាករថ្នាលរបស់ Santos បន្ទាប់ពីរងការរើសអើងនៅលើបណ្តាញសង្គម
(BC-99)
កុមារា Bruninho ដែលជាកីឡាករថ្នាលរបស់ក្រុម Santos បានទទួលសារគំរាមកំហែងនិងការរើសអើងបន្ទាប់ពីប្អូនប្រុសម្នាក់នេះបានសុំអាវរបស់អ្នកចាំទី Jailson របស់ក្រុម Palmeiras ដែលបានប្រកួតឈ្នះ Santos 2-0 នៅក្របខណ្ឌបាល់ទាត់កំពូលរបស់ប្រទេស ប្រេស៊ីល។
ទង្វើសុំអាវអ្នកចាំទីគូប្រជែងបែបនេះបានបង្ករជាការខឹងសម្បារជាខ្លាំងពីអ្នកគាំទ្រក្លិប Santos ជ្រុលនិយមភាគខ្លះដែលបានប្រើពាក្យសម្តីមិនល្អដាក់ Bruninho តាមបណ្តាញសង្គម។ ក្រោយពីបានបង្ហាញសារគំរាមកំហែងក៏ដូចជាការជេរប្រមាថឱ្យឃើញ គេឃើញមានកីឡាករបាល់ទាត់អាជីពជាច្រើនបានចេញមុខការពារកុមាររូបនេះដែលក្នុងនោះក៏មានតារាបាល់ទាត់ល្បីរបស់ជម្រើសជាតិ ប្រេស៊ីល និង PSG Neymar JR ផងដែរ។
Neymar ដែលបានចំណាយពេលពីការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិក្នុងព្រិត្តិការណ៍ប្រកួតជម្រុះ World Cup ក្នុងតំបន់អាមេរិចខាងត្បូង បានមកជួបនិងលើកទឹកចិត្តដល់ Bruninho ដោយការសម្រក់ទឹកភ្នែកដែលបញ្ជាក់ពីភាពក្តុកក្តួលរបស់ខ្លួនចំពោះការរើសអើងនិងគំរាមកំហែងដល់កុមាររូបនេះ។
Neymar បាននិយាយឱ្យដឹងផងដែរថា គាត់(Bruninho)គ្រាន់តែជាកុមារម្នាក់ប៉ុណ្ណោះ ហេតុអ្វីបានជាធ្វើដាក់គាត់របៀបនេះ។ ទន្ទឹមនឹងនេះដែរក៏មានការសាទរជាច្រើនពីសំណាក់មហាជនចំពោះទង្វើដ៏ល្អរបស់ Neymar ដោយពួកគេបានចាត់ទុកថានេះជាកាយវិការដ៏គម្រូមួយក្នុងសង្គមជាតិដែលប្រឆាំងនិងការរើសអើងក្នុងវិស័យបាល់ទាត់។