កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត នឹងចូលរួមព្រឹត្តិការណ៍ Jet Ski World Series 2021 នៅ ៣ទ្វីបផ្សេងគ្នា
កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា និងជាម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ សាលី អ៊ូមើត នឹងចូលរួមការប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯកពិភពលោក Jet Ski World Series 2021-2022 ដែលធ្វើឡើងនៅ ៣ទ្វីបផ្សេងគ្នា នាចុងឆ្នាំនេះ ។
ព្រឹត្តិការណ៍កីឡាម៉ូតូទឹកដ៏ធំនេះ សម្រាប់ជុំទី១ នឹងចាប់ផ្ដើមការប្រកួតមុនគេ នៅប្រទេសប៉ូឡូញ នៃតំបន់អឺរ៉ុប ចាប់ពីថ្ងៃទី២១-២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ ខណៈជុំទី២ នឹងប្រកួតនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៦-១០ ខែតុលា ឆ្នាំ២០២១ និងជុំទី៣ ប្រកួតនៅប្រទេសថៃ នៃតំបន់អាស៊ី ចាប់ពីថ្ងៃទី១២-១៦ ខែមករា ឆ្នាំ២០២២ ។
គួរដឹងថា សាលី អ៊ូមើត បានចូលរួមប្រកួតលើវិញ្ញាសា Ski GP លើកដំបូង ក្នុងព្រឹត្តិការណ៍ពិភពលោកនេះ នៅប្រទេសថៃ កាលពីចុងខែមេសាកន្លងទៅ ហើយគេបានបំបែកកំណត់ត្រាថ្មី ក្នុងនាមជាកីឡាករអាស៊ីដំបូង ដែលដណ្ដើមបានចំណាត់ថ្នាក់ Top-10 ក្រោយបញ្ចប់ការប្រកួតក្នុងចំណាត់ថ្នាក់លេខ៤ ទោះបី អ៊ូមើត បានប្រើម៉ូតូទឹកចាស់ ដែលខ្លួនបានយកទៅប្រកួត និងដណ្ដើមបានមេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ីក៏ដោយ ៕ ប្រភព ÷ Cambodia SEA GAME 2023