ការ៉ាតេកម្ពុជាដណ្ដើមបានមេដាយ៧គ្រឿងពីការប្រកួត Thailand Open
ក្រុមអត្តពលិកកម្ពុជា ដណ្តើមបានមេដាយសរុប៧ គ្រឿងពីការប្រកួតកីឡាការ៉ាតេជើងឯក (Thailand Open Karate-DO Championship 2022) ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ។
ទាក់ទងទៅនឹងលទ្ធផលដ៏ល្អនេះ លោក ដែក ភារៈ អគ្គលេខាធិការរង សហព័ន្ធកីឡាការ៉ាតេកម្ពុជាសង្កត់ធ្ងន់ថា មេដាយចំនួន ៧គ្រឿង ដែលកីឡាការ៉ាតេកម្ពុជាដណ្តើមបាន ក្នុងព្រឹត្តិការណ៍អន្តរជាតិនៅប្រទេសថៃនេះ រួមមាន៖ មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធិ ៤គ្រឿង។ មេដាយប្រាក់លើវិញ្ញាសាឯកត្តជនដណ្តើមបានដោយកីឡាករ ងួន សុខក្រៃលែង, កីឡាករ ស្រៀងវិរៈ, និងកីឡាការិនី ឆន ស្រីភា, ខណៈមេដាយសំរឹទ្ធិលើវិញ្ញាសាឯកត្តជនដណ្តើមបានដោយកីឡាការិនី សំណាង ឧត្តរ៉ា, កីឡាករ ជ្រុន វិរៈបុត្រ, និងកីឡាករ ប៊ិន ម៉េងលី។ ចំពោះមេដាយសំរឹទ្ធិ១គ្រឿងទៀត(ជាក្រុម)ដណ្តើមបានដោយកីឡាការិនី ឆន ស្រីភា, កីឡាការិនី វ៉ាន់ ចរិយា, កីឡាការិនី លឹម សុខវិច្ឆិកា, និងកីឡាការិនី ភួង សុផល។
ក្នុងការចូលរួមព្រឹត្តិការណ៍ Thailand Open Karate-DO Championship 2022 កម្ពុជាបានបញ្ជូនប្រធានប្រតិភូ១រូប អនុប្រធានប្រតិភូ១រូប នាយកបច្ចេកទេស១រូប ជំនួយការបច្ចេកទេស២រូប អាជ្ញាកណ្តាល៣រូប គ្រូបង្វឹក គ្រូជំនួយ ៦រូប កីឡាករ-កីឡារិនី៣៦នាក់៕