
សហព័ន្ធបាល់ទះគ្រោងអញ្ជើញជម្រើសជាតិសិង្ហបុរីមកសមដៃជាមួយកម្ពុជា
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហើបពីគម្រោងអញ្ជើញក្រុមជម្រើសជាតិសិង្ហបុរី មកប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជា អំឡុងពិធីបើកការប្រកួតបាល់ទះពានសម្ដេចតេជោ ហ៊ុន សែន ចន្លោះថ្ងៃទី១៣ និងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នសហព័ន្ធបានរៀបចំលិខិតបទដ្ឋានរួចរាល់ហើយ នៅឡើយការស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំ ដើម្បីរៀបចំប៉ុណ្ណោះ។ រីឯភាពគីសិង្ហបុរី ក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការបញ្ជូនក្រុមជម្រើសជាតិរបស់ខ្លួន មកប្រកួតដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏ធំនេះដែរ។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បញ្ជាក់បន្ថែម។
លោក អាំង សិរីពិសិដ្ឋ បន្ថែមថា “៖ ក្នុងផែនការមេរបស់សហព័ន្ធ យើងនឹងមានចេញទៅប្រកួតមិត្តភាព នៅប្រទេសដទៃទៀត។ មានន័យថា ការប្រកួត Tour របស់សហព័ន្ធ ពិសេសក្រុមជម្រើសជាតិរបស់យើង អាចទៅវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឬឥណ្ឌូនេស៊ីជាដើម ហើយយើងនឹងជំរុញធ្វើឲ្យបាន គ្រាន់តែមិនដឹងកម្រិតណាទេ ស៊ីសងលើកញ្ចប់ថវិកា ដើម្បីទ្រទ្រង់ការធ្វើដំណើរ ស្នាក់នៅ ហូបចុក យើងមានកម្រិតណា? ប៉ុន្ដែឆន្ទៈ និងផែនការយើងមានរួចរាល់ហើយ នៅតែជំរុញពីក្រោយទៀត យើងនឹងបានជោគជ័យហើយ។”
លោក អាំង ពិសិដ្ឋ បញ្ជាក់ដែរថា “៖ទាំងអស់នោះ យើងចង់វាស់ស្ទង់គុណផលកីឡារបស់យើង។ មកដល់ម៉ោងនេះ ជម្រើសជាតិរបស់យើងជាង ១០នាក់ គឺខំហាត់រាល់ថ្ងៃ តែយើងអត់ដឹងត្រូវាស់ស្ទង់គុណផលកីឡារបស់គាត់ប៉ុន្មានទេ។ ទាល់តែមានការប្រកួត បានអាចវាស់វែងបាន ហើយបើការប្រកួតថ្នាក់ស្រុក ខ្ញុំជឿថា អត់មានអ្នកណាអាចប្រកួតប្រជែងជាមួយជម្រើសជាតិបានទេ។ អ៊ីចឹងមានន័យថា ទៅក្រៅស្រុក ដើម្បីដកស្រង់បទពិសោធន៍ ចាញ់ ឈ្នះជារឿងមួយ តែសំខាន់ តើយើងខ្វះខាតកន្លែងណា ហើយកែច្នៃដូចម្ដេច ដើម្បីដំណើរឆ្ពោះទៅប្រកួតប្រជែងមេដាយមាសនៅស៊ីហ្គេម ឆ្នាំ២០២២។”