
កីឡាករកីឡាការិនីវាយកូនបាល់៦នាក់គ្រោងទៅហាត់នៅអាមេរិកត្រៀមស៊ីហ្គេម២០២៣
បើតាមការឲ្យដឹងពីលោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដែលត្រូវបានស្រង់សម្ដីដោយ Cambodia 2023 ថា សហព័ន្ធលោកបាននិងកំពុងប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីពង្រឹងដល់ការយកមេដាយសម្រាប់ស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងនោះសហព័ន្ធបានត្រៀមកីឡាករ-កីឡាការិនី ចំនួន ៦នាក់ កំពុងហ្វឹកហាត់យ៉ាងសកម្មនៅអាមេរិក។
ក្រៅពីកីឡាករ-កីឡាករការិនីដែលហ្វឹកហាត់នៅអាមេរិក ក៏មានកីឡាករ-កីឡាការិនីកំពុងហ្វឹកហាត់នៅកម្ពុជាចំនួន ៥នាក់ ផ្សេងទៀតផងដែរ សម្រាប់ការចូលរួមស៊ីហ្គេមឆ្នាំក្រោយនោះ។ បើតាមលោក ជា ពៅ គ្រូបង្វឹកកីឡាវាយកូនបាល់កម្ពុជា បានប្រាប់មកកាន់ Cambodia 2023 ថា សហព័ន្ធបាន និងកំពុងឲ្យកីឡាករប្រឹងប្រែងយ៉ាងខ្លាំង ពោលមិនផ្ដោតលើតែការហ្វឹកហាត់មួយមុខទេ គឺមានការរៀបចំឲ្យមានការប្រកួតជាលក្ខណៈអន្តរជាតិឲ្យបានច្រើនដែរ ដែលក្នុងទិសដៅ គឺ ហ្វឹកហាត់៥០% រៀបចំការប្រកួត៥០%។
គ្រូបង្វឹកខាងលើបានរៀបរាប់យ៉ាងដូច្នេះថា «យើងមានកីឡាករសរុបចំនួន ១១នាក់ ដោយកីឡាករ ៦នាក់ និងកីឡាការិនី ៥នាក់ ហើយក្នុងនោះ យើងមានអ្នកនៅអាមេរិកនោះគឺកីឡាករ ៣នាក់ និងកីឡាកីឡាការិនី ៣នាក់។ …យើងប្រឹងប្រែងណាស់រាល់ថ្ងៃនេះ ដើម្បីសម្រេចឲ្យបាន តាមគោលដៅដែលរាជរដ្ឋាភិបាលបានកំណត់ថា ត្រូវយកឲ្យបានមេដាយមាស ១គ្រឿង យ៉ាងតិចនោះ។ … កីឡាករយើងធ្វើយ៉ាងណាឲ្យមានការប្រកួតឲ្យបានច្រើន គឺហ្វឹកហាត់ ៥០ ប្រកួត៥០ % …»។