Arteta ៖ កីឡាករក្រុម Arsenal ប្រើការឈឺចាប់ដើម្បីឈ្នះការប្រកួត
(BC-99)
លោក Mikel Arteta និយាយថាកីឡាករក្រុមកាំភ្លើងធំ Arsenal កំពុងប្រើការឈឺចាប់នៃការធ្លាក់ចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League មកធ្វើជាការជម្រុញទឹកចិត្ត។
ក្រុមកាំភ្លើងធំបានឈ្នះការប្រកួតនៅ Premier League ជាប់ៗគ្នាចាប់តាំងពីចាញ់ក្រុម Villareal របស់អតីតគ្រូបង្វឹកចាស់ Unai Emery ។ Arteta បានធ្វើការបកស្រាយថាកូនក្រុមរបស់ខ្លួនគ្មានអ្វីល្អប្លែកជាងនេះទេ ប៉ុន្តែពួកគេបានប្រើការឈឺចាប់ពីការធ្លាក់ចេញពី EUROPA League មកធ្វើជាកម្លាំងរុញច្រានឱ្យឈ្នះការប្រកួតទាំងនេះ។
លោកបាននិយាយប្រាប់អ្នកសារព័ត៌មានថា “បន្ទាប់ពីបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត UEL រួចមកយើងហាក់ដូចជាទទួលរងការស្តីបន្ទោសច្រើន។ ពួកយើងមិនបានប្រតិកម្មទៅនឹងការរិះគន់ទាំងនោះទេ យើងទទួលយកការពិត។ យើងពិតជាឈឺចាប់។ ហើយវាប្រហែលជាការលើកទឹកចិត្តទៅវិញដែលឱ្យពួកយើងខិតខំប្រកួតយកឈ្នះ”។
ក្រោយឆ្លងកាត់ការប្រកួត៣៧ដងរួចមក Arsenal សន្សំបាន ៥៨ ពិន្ទុឋិតនៅចំណាត់ថ្នាក់លេខ ៩ ។ មួយសប្តាហ៍ដែលនៅសល់ពួកគេនឹងត្រូវប៉ះជាមួយក្រុម Brighton ។ ប្រសិនបើការប្រកួតនៅសប្តាហ៍ទី ៣៨ នៅថ្ងៃអាទិត្យនេះ Arsenal ឈ្នះការប្រកួតស្របពេលដែល Everton និង Spurs ចាញ់ការប្រកួតនោះ ក្រុមកាំភ្លើងធំនឹងទទួលបានកន្លះកៅអីនៅ UEL នារដូវកាលក្រោយ។