ខ្សែការពារកំពូលល្បឿន ឈិន ឈឿន បង្ហើបការប្រកួតដែលចងចាំបំផុតក្នុងអាជីពបាល់ទាត់
ខ្សែការពារកំពូលល្បឿន ឈិន ឈឿន បានប្រកបអាជីពបាល់ទាត់ជិត២០ឆ្នាំមកហើយ ទាំងនៅក្លិបក្រសួងការពារជាតិ ( Tiffy Army ) , ព្រះខ័នរាជស្វាយរៀង និងក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ក្នុងនោះការប្រកួតលើវាលស្មៅបានបង្ហាញខ្លួនជាច្រើនប្រកួត ប៉ុន្តែមានការប្រកួតមួយដែលមិនអាចបំភ្លេចបានក្នុងឆាកជីវីតបាល់ទាត់របស់គេ ។
ការធ្វើដំណើរជាមួយក្រុមជម្រើសជាតិកម្ពុជា ទៅប្រកួតជាមួយក្រុមជម្រើសជាតិបាល់ទាត់ជប៉ុន កាលពីថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០១៥ ជាជំនួបមួយដែលកីឡាករ ឈិន ឈឿន ចងចាំក្នុងជីវិតបាល់ទាត់របស់ខ្លួនបំផុត ។
កីឡាករដើមកំណើតខេត្តព្រៃវែង ពន្យល់ថា ដោយសារការប្រកួតមានកល្ខណៈធំមិនធ្លាប់ជួប ក្នុងអាជីពបាល់ទាត់ ពោលទាំងទីលាន ទាំងការរៀបចំ និងបានលេងជាមួយកីឡាករល្បីៗ លំដាប់ពិភពលោកដែលមានបច្ចេកទេសខ្ពស់ ធ្វើអោយមានអារម្មណ៍រំភើប ប្រៀបបានជាក្តីស្រមៃ ទោះបីការប្រកួតពេលនោះចាញ់ក៏ដោយ ។
សូមបញ្ជាក់ថា ឈិន ឈឿន បានចូលលេងពេញម៉ោងក្នុងការប្រកួតនោះដោយ ជប៉ុន យកឈ្នះ កម្ពុជា ដោយលទ្ធផល ៣ ទល់ ០ ក្នុងពានរង្វាន់វគ្គជម្រុះ World Cup 2018 នាកីឡដ្ឋាន Saitama ប្រទេស ជប៉ុន ៕