ក្រោយបារាំងធ្លាក់ពី Euro អ្នកចាំទី Lloris ថ្លែងសម្ដីបែបនេះភ្លាម
អ្នកចាំទី Hugo Lloris ពិតជាខកចិត្តខ្លាំងដែលក្រុមជម្រើសជាតិបារាំងបានចាញ់ស្វីស ធ្លាក់វគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2020 តែថា សមាជិកទាំងអស់ត្រូវព្យាយាមបន្តទៀតដើម្បីលុបលាងភាពឈឺចាប់នេះ។
កីឡាករមកពីក្លិប Tottenham Hotspur ប្រាប់សារព័ត៌មាន Bein Sports ថា “៖ មិនគួរមានការរិះគន់លើសមាជិកគ្រប់រូបទេ។ យើងឈ្នះ ឈ្នះទាំងអស់គ្នា ចាញ់ ចាញ់ទាំងអស់គ្នា។ វាពិតជាឈឺចាប់ដែលត្រូវធ្លាក់ក្នុងវគ្គនេះ។ គ្មានលេសអ្វីទេសម្រាប់បរាជ័យ។ យើងសូមសរសើរដែលស្វីសធ្វើបានយ៉ាងល្អ។”
បើតាមសារព័ត៌មាន Goal ការថ្លែងរបស់អតីតអ្នកចាំទី Lyon ធ្វើឡើងក្នុងន័យការពារ Kylian Mbappe ដែលទាត់បាល់កាត់សេចក្ដី១១ម៉ែត្រមិនចូល ធ្វើឲ្យបារាំងធ្លាក់ពី Euro 2020។
ចំណែកខ្សែការពារ Raphael Varane គិតថា បារាំងគួរតែឈ្នះតាំងពីក្នុង extra time មិនគួរឈានដល់ការទាត់កាត់សេចក្ដីបែបនេះទេ ព្រោះជារឿងហេងស៊យ។
បារាំងបានរកគ្រាប់បាល់ទៅវិញទៅមក ៣ទល់នឹង៣ក្នុងរយៈពេល១២០នាទី ដែលឈានដល់ការទាត់បាល់១១ម៉ែត្រកាត់សេចក្ដី។ ការទាត់ចុងក្រោយពី Kylian Mbappe ត្រូវបានអ្នកចាំទីស្វីស Yann Sommer សង្គ្រោះបាន មានន័យថា បារាំងចាញ់ដោយបាល់១១ម៉ែត្រនេះក្នុងលទ្ធផល៤ទល់នឹង៥។
ក្នុងការប្រកួតរយៈពេល១២០នាទី ស្វីសបាននាំមុខមុនក្នុងនាទី១៥ ពីការតែតដោយ Haris Seferovic។ ដល់នាទី៥៥ ស្វីសមានឱកាសទាត់ពិន័យ១១ម៉ែត្រ ប៉ុន្តែ Hugo Lloris សង្គ្រោះបាល់របស់ Ricardo Rodriguez បានសម្រេច។ Karim Benzema បានវាយបក២គ្រាប់វិញក្នុងនាទី៥៧ និង៥៩ ហើយដល់នាទី៧៥ Paul Pogba ទាត់ពីចម្ងាយយ៉ាងល្អផុតដៃអ្នកចាំទី Yann Sommer ឲ្យបារាំងនាំមុខ៣ទល់នឹង១។ ផ្ទុយទៅវិញ គ្រាប់បាល់ពី Seferovic ក្នុងនាទី៨១ និង នាទី៩០+១ ដោយ Mario Gavranovic ធ្វើឲ្យការប្រកួតស្មើគ្នា៣ទល់នឹង៣ ឈានដល់ម៉ោង extra time ហើយនៅតែស្មើ ក៏បន្តទៅទាត់១១ម៉ែត្រកាត់សេចក្ដី។
ដូច្នេះស្វីសត្រូវបន្តជួបអេស្ប៉ាញក្នុង៨ក្រុមចុងក្រោយ។ ក្រុមគោជល់អេស្ប៉ាញបានយកឈ្នះក្រូអាត ៥ទល់នឹង៣ ក្រោយ extra time៕