Man UTD ជាក្រុមទី២រកបាន៦គ្រាប់ក្នុងវគ្គ៤ក្រុមពានអឺរ៉ុប
ជ័យជម្នះ៦ទល់នឹង២លើ AS Roma ជួយឲ្យ Manchester United បោះជំហានកាន់តែកៀកក្នុងការឈានទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Europa League លើកដំបូងក្នុងរយៈពេល៤ឆ្នាំ។
បើតាមស្ថិតិពី Opta បិសាចក្រហមជាក្រុមទី២ដែលរកបាន៦គ្រាប់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតអឺរ៉ុប។ ក្រុមទី១ គឺ Real Madrid ដែលធ្វើបានក្នុងពានរង្វាន់ UEFA Champions League ឆ្នាំ១៩៦៤។
គេចាំបានថា កាលពី១៤ឆ្នាំមុន Man UTD ធ្លាប់ឈ្នះ AS Roma ៧ទល់នឹង១ ក្នុងវគ្គ៨ក្រុម UEFA Champions League។
ដោយឡែក ក្នុងការប្រកួតយប់មិញ បិសាចក្រហមត្រូវបានចចកក្រុងរ៉ូមនាំមុខ១ទល់នឹង២។ យ៉ាងណា វគ្គទី២ ក្រុមលោក Ole Gunnar Solskjaer វាយបកយកបាន៥គ្រាប់វិញក្នុងវគ្គទី២។
Edison Cavani និង Bruno Fernandes រកបានម្នាក់២គ្រាប់ និងបញ្ជូនម្នាក់មួយលើកទៀត។ ២គ្រាប់ទៀតធ្វើបានដោយ Paul Pogba និង Mason Greenwood។
ដូច្នេះក្នុងការប្រកួតជើងទី២នៅកីឡដ្ឋាន Olimpico ក្រុមម្ចាស់ផ្ទះ Roma ត្រូវការឈ្នះយ៉ាងហោច៤ទល់នឹង០លើបិសាចក្រហម៕