ព្រំ សំណាង÷ ខ្ញុំប្រឹងហាត់រាល់ថ្ងៃ ព្រោះសង្ឃឹមបានទៅ ស៊ីហ្គេម រឺ ថៃហ្វៃ
ព្រំ សំណាង ប្រឹងហាត់រាល់ថ្ងៃទោះបីមិនបានប្រកួតរយ:យូរ ហើយសព្វថ្ងៃកម្មវិធីប្រដាល់គ្រប់សង្វៀនត្រូវបិទក្នុងគ្រាកើតកូវីដ១៩ យ៉ាងក្តី ក៏ព្រោះតែរូបគេមានក្តីសង្ឃឹមចេញទៅប្រកួតនៅ ថៃហ្វៃ និង ស៊ីហ្គេម ជាដើម ។
អ្នកប្រដាល់ទម្ងន់ធ្ងន់ដើមកំណើតខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ទោះបីពេលនេះមិនអាចចេញទៅណាបានដោយសារកូវីដ ក៏រូបគេប្រឹងហាត់នៅផ្ទះដើម្បីពង្រឹងសមត្ថភាពខ្លួនឯងដែរ ។ ព្រំ សំណាង បន្ថែមថា ពេលឃើញការប្រកួតនៅស៊ីហ្គេមឆ្នាំនេះមានវិញ្ញាសាគុនខ្មែរទម្ងន់ ៨១ រូបគេបានស្រមៃថា បើបានប្រកួតតំណាងអោយកម្ពុជា នឹងប្រឹងប្រែងយកមេដាយជូនជាតិអោយបាន ។ ក្តីសង្ឃឹមមួយទៀតសម្រាប់រូបគេគឺការប្រកួតកម្មវិធី Thai Fight នៅថ្ងៃទី ១៥ ខែ ឧសភា នាប្រទេសថៃ បន្ទាប់ពីគេលុបចោលការប្រកួតកាលពីថ្ងៃទី ២៥ មេសា កន្លងមក ។
សូមបញ្ជាក់ថា អ្នកប្រដាល់ ព្រំ សំណាង បានខកខានការប្រកួតជាងមួយឆ្នាំមកហើយ ខណៈប្រកួតចុងក្រោយស្មើជាមួយកីឡាករថៃ សនខាវ នៅទឹកដីប្រទេសថៃ កម្មវិធី Super Champ ៕