Zlatan Ibrahimovic អាចនឹងអត់បានលេងបាល់៣ឆ្នាំ ក្រោយមានការស៊ើបអង្កេតពី UEFA និង FIFA
Zlatan Ibrahimovic ប្រឈមនឹងការហាមឃាត់មិនអោយមានសកម្មភាពជាមួយបាល់ទាត់រយៈពេលបីឆ្នាំ ដោយសារលោកព្រះកំពុងត្រូវបាន UEFA និង FIFA ស៊ើបអង្កេតលើបញ្ហាការវិនិយោគនៅក្នុងក្រុមហ៊ុនភ្នាល់មួយកន្លែងដែលមានមូលដ្ឋាននៅប្រទេស Malta។
សូមបញ្ជាក់ថា FIFA និង UEFA មិនអនុញ្ញាតឱ្យគ្រប់កីឡាករដែលជាសមាជិករបស់ពួកគេមានមានការវិនិយោគផ្នែកហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនល្បែងឡើយ។ ជាមួយគ្នានោះ បើយោងតាមរបាយការណ៍បានបន្ថែមអោយដឹងទៀតថា Ibrahimovic គឺជាម្ចាស់ក្រុមហ៊ុន Bethard Group ធំជាងគេទីបួន នេះបើយោងទៅតាមរបាយការណ៍ប្រចាំឆ្នាំចុងក្រោយដែលអាចរកបានក្នុងឆ្នាំ ២០១៩ ហើយក្រុមហ៊ុនខាងលើនេះរកបានប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធរួចមានរហូតដល់ទៅ ២៥,៧៩ លានផោន។
ជាមួយគ្នានេះ បទប្បញ្ញត្តិក្រមសីលធម៌របស់ FIFA បានចែងថា ជនណាដែលល្មើសនឹងវិន័យរបស់ខ្លួននឹងត្រូវទទួលពិន័យដោយព្យួររាល់សកម្មភាពដែលទាក់ទងនឹងបាល់ទាត់រយៈពេលយ៉ាងយូរ៣ឆ្នាំ ខណៈបទបញ្ជារបស់ UEFA មិនច្បាស់ទេនៅពេលនិយាយពីការដាក់ទណ្ឌកម្ម។ គួររំលឹកថា Ibrahimovic មានអាយុ៣៩ឆ្នាំ ហើយប្រសិនបើរឿងនេះត្រូវបានគេស៊ើបរកឃើញថាមានកំហុសមែន លោកព្រះប្រាកដជាត្រូវបង្ខំចិត្តចូលនិវត្តន៍ប្រសិនបើគេត្រូវបានហាមឃាត់ជាអតិបរមាក្នុងរយៈពេល៣ឆ្នាំ៕