Aubameyang ចូលពេទ្យព្យាបាលជំងឺគ្រុនចាញ់
Pierre Emerick Aubameyang បានចូលសម្រាកក្នុងមន្ទីរពេទ្យដើម្បីព្យាបាលជំងឺគ្រុនចាញ់។
ខ្សែប្រយុទ្ធ Arsenal ចេញអាការៈមិនស្រួលខ្លួន ពេលទៅចូលរួមជាមួយក្រុមជម្រើសជាតិហ្គាបុង ២-៣សប្ដាហ៍មុន។
ក្រោយត្រលប់ទៅក្រុមកាំភ្លើងធំ គេក៏បានចូលសម្រាកនៅមន្ទីរពេទ្យ ៣-៤ដង ហើយមកទល់ពេលនេះសុខភាពរបស់គេប្រសើរឡើងវិញហើយ។
កីឡាករវ័យ៣២ឆ្នាំបានថ្លែងអំណរគុណដល់អ្នកគាំទ្រ សមាជិកគ្រប់រូបដែលបានផ្ដល់កម្លាំងចិត្ត និងបានជូនពរ Arsenal ក្នុងវគ្គ៨ក្រុម Europa League។ គេថា គេនឹងត្រលប់ចូលទីលានវិញកាន់តែខ្លាំងជាងមុន។
ក្រោយតកុងត្រាថ្មីនៅ Emirates ដែលផ្ដល់ថ្លៃនឿយហត់ខ្ទង់៣០ម៉ឺនផោនក្នុងមួយសប្ដាហ៍ អតីតខ្សែប្រយុទ្ធ Borussia Dortmund ហាក់លេងមិនសូវល្អឡើយ។ រដូវកាលនេះគេអវត្តមានដល់ទៅ៧ប្រកួត។ ចូលលេងបាន៣៣ដង កីឡាករធ្លាប់លេងនៅ AC Milan និង Toulouse រកបាន១៤គ្រាប់។ គ្រាប់ចុងក្រោយគេស៊ុតចូល គឺពេលស្មើ Burnley ១ទល់នឹង១ កាលថ្ងៃទី០៦ ខែមីនា។
ដោយឡែក Arsenal បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League ក្រោយទម្លាក់ Slavia Prague។ ក្រុមកាំភ្លើងធំត្រូវប៉ះ Villareal ដែលកំពុងដឹកនាំដោយលោក Unai Emery និងជាអតីតអ្នកចាត់ការនៅ Emirates នោះឯង៕