អតីតកីឡាករ Man UTD ម្នាក់បច្ចុប្បន្នជាជាងបណ្ដាញទឹក
Lee Roche ជាអតីតកីឡាករបាល់ទាត់ម្នាក់ដែលដុះដាលចេញពីថ្នាល Manchester United តែបានប្រែខ្លួនជាអ្នកធ្វើការផ្នែកត និងជួសជុលបណ្ដាញបង្ហូរទឹក។
កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៣ Roche បានបង្ហាញខ្លួនក្នុងក្រុមធំ Manchester United តទល់ Deportivo La Coruna ពានរង្វាន់ UEFA Champions League។ គេត្រូវបានប្ដូរចេញក្នុងនាទី៤៦ ជំនួសដោយ Michael Steward ក្នុងការប្រកួតដែលបិសាចក្រហមចាញ់០ទល់នឹង២។
អាជីពបាល់ទាត់របស់បុរសកើតឆ្នាំ១៩៨០មិនផ្ដល់ផ្លែផ្កាច្រើនឡើយនៅ Man UTD ដោយគេបានលេងតែ៣ប្រកួតប៉ុណ្ណោះ គឺនៅ League Cup មួយលើក, Premier League មួយលើក និង Champions League មួយដង។ ក្នុងឆ្នាំ២០០៣ គេត្រូវបានលក់ទៅ Burnley។
ក្រោយចំណាយពេល២រដូវកាលនៅកីឡដ្ឋាន Turf Moor អតីតខ្សែការពាររូបនេះក៏ធ្លាប់លេងនៅក្លិបកម្រិតទាបជាងនេះចំនួន២ គឺ Wrexham និង Droylsden មុនចូលនិវត្តន៍ក្នុងឆ្នាំ២០១១។
សារព័ត៌មាន the Sun បង្ហាញថា បញ្ហារបួសធ្វើឲ្យ Roche ធ្លាក់ចុះគុណផល។ ក្នុងកិច្ចសម្ភាសមួយ គេថា មានអារម្មណ៍ខ្លាចបាល់ទាត់ទៅហើយក្រោយព្យួរស្បែកជើង ហើយសូម្បីតែតាមទូរទស្សន៍ក៏គេមិនដែលមើលផង ព្រោះមិនចង់នឹកឃើញពេលវេលាជូរចត់ម្ដងទៀត។ គេក៏ត្រូវបានលើកទឹកចិត្តធ្វើជាគ្រូក្នុងសមាគមកីឡាករបាល់ទាត់ចក្រភពអង់គ្លេសដើម្បីបណ្ដុះបណ្ដាលក្មេងៗជំនាន់ក្រោយដែរ តែសម្រេចចិត្តជ្រើសរើសការងារជាជាងទឹកវិញ ព្រោះមានអារម្មណ៍ហត់នឿយខ្លាំងជាមួយបាល់ទាត់។
យ៉ាងណា ការលេងទល់មុខអ្នកគាំទ្រ៧៥០០០នាក់នៅ Old Trafford ក៏នៅតែដក់ជាប់ក្នុងខួរក្បាលរបស់គេ៕